(ភ្នំពេញ)៖ ពិធីរត់ភ្លើងគប់ ឬភ្លើងអាទិទេពកីឡាស៊ីហ្គេម គឺជាផ្នែកមួយដ៏សំខាន់នៃពិធីបើក ខណៈកម្ពុជាគ្រោងរៀបចំពិធីសុំភ្លើងអាទិទេពនេះ នៅអង្គរវត្ត បន្ទាប់មករត់ឆ្លងកាត់ប្រទេសនៅអាស៊ីអាគ្នេយ៍ ដើម្បីផ្សព្វផ្សាយពីការត្រៀមធ្វើម្ចាស់ផ្ទះ និងត្រៀមចូលរួមរបស់បណ្ដាប្រទេសជាសមាជិក រហូតដល់ថ្ងៃប្រារព្ធពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។ នេះបើតាមការគូសបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC។

ការបង្ហើបនូវពង្រាងនៃនីតិវិធីរត់ភ្លើងគប់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈអចិន្ដ្រៃយ៍ CAMSOC ស្ដីពីគណៈកម្មការរៀបចំពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេម នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កិច្ចប្រជុំខាងលើ បានជជែកពីនីតិវិធីការងារពីមួយជំហានទៅមួយជំហាន តែដំបូងពាក់ព័ន្ធនឹងការរត់ភ្លើងគប់ តើត្រូវធ្វើការទទួលដោយរបៀបម៉េច? ហើយរៀបចំទស្សនិយភាពធំៗអ្វីខ្លះ ដើម្បីបង្ហាញសក្ដានុពលជាតិ វប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍ជាដើម ព្រោះពិធីបើក-បិទនេះ មិនមែនផ្សព្វផ្សាយតែក្នុងប្រទេសនោះទេ គឺផ្សព្វផ្សាយទូលាយលើពិភពលោក ដែលទាមទារឲ្យមានការរៀបចំផែនការលម្អិត និងមានសេនារីយ៉ូត្រឹមត្រូវសម្រាប់ដាក់ឆ្លងទៅថ្នាក់ដឹកនាំ CAMSOC និងរាជរដ្ឋាភិបាល។

លោកបន្ដថា «ការរៀបចំរត់ភ្លើងគប់នេះ យើងនឹងរៀបចំតាមនីតិវិធីនៃការរត់ភ្លើងគប់កីឡា។ ក្នុងយន្ដកាកីឡា ប្រទេសម្ចាស់ផ្ទះ តែងរត់ភ្លើងគប់ទៅក្រៅប្រទេសជាសមាជិក ដើម្បីលើកទឹកចិត្ត និងប្រាប់ទៅប្រទេសជាសមាជិក ក្នុងការត្រៀមខ្លួនចូលរួម។ ដូចឥឡូវក្នុងពង្រាងរបស់យើង គ្រោងនឹងធ្វើការសុំភ្លើងអាទិទេពនៅអង្គរ ហើយរត់នៅតំបន់អង្គរ បន្ទាប់មករៀបចំរត់ទៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ រួចរត់ចូលមកវិញ ដោយរត់ជុំវិញបឹងទន្លេសាប ហើយរត់ចូលផ្ទាល់ទៅពិធីបើកតែម្ដង។ នេះគ្រាន់តែជាពង្រាងទេ ឯនីតិវិធីលម្អិតយ៉ាងណា យើងនឹងជជែកបន្ថែម ក្នុងគណៈកម្មការបើក-បិទបន្ដទៀត»

យ៉ាងណាមិញរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានបន្ថែមថា ការធ្វើនេះ មិនមែនរៀបចំតែឯងបានទេ គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្នុងនោះត្រូវមានវប្បធម៌មួយជាស្នូល និងមានការចូលរួមពីជំនាញការមកពីចិន ដើម្បីរៀបចំទស្សនិយភាពផ្សេងៗនៅក្នុងពិធីបើក-បិទឲ្យមានភាពទាក់ទាញ អស្ចារ្យ និងកក្រើក ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

គួរដឹងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បើគ្មានការប្រែប្រួលទេ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នឹងធ្វើឡើងនៅខែឧសភា ដោយពិធីបើក-បិទ នឹងប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបច្ចុប្បន្នកម្ពុជាកំពុងសម្រុកសាងសង់ និងសម្រេចបានសមិទ្ធផលមួយផ្នែកធំហើយ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ៕