(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ Channel News Asia នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា លីគបាល់ទាត់កំពូលអង់គ្លេស Premier League រដូវកាលឆ្នាំ២០១៨-២០១៩ បានខាតបង់ទឹកប្រាក់សរុបប្រមាណ ៦០០លានផោន ស្មើនឹង ៧៦៤លានដុល្លារអាមេរិក ដែលនេះជាការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ មុនពេលវិបត្តវីរុស COVID-19 ផ្ទុះឡើងជាសកល។
យោងតាមរបាយការណ៍ពីក្រុមហ៊ុន Vysyble បានឲ្យដឹងថា បណ្តាក្លិបទាំង២០ បានខាតបង់ទឹកប្រាក់ ៦០០លានផោន មុនពេលជួបវិបត្តិហិរញ្ញវត្ថុដោយសារមេរោគ COVID-19 ដែលរបាយការណ៍នេះត្រូវបានឲ្យដឹងនាថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញ។
តាមការវិភាគរបស់អ្នកជំនាញហិរញ្ញវត្ថផ្នែកកីឡាបាល់ទាត់ មកពីស្ថាប័ន Vysyble បានបង្ហាញថា ក្លិបចំនួន២០ ដែលស្ថិតក្នុងលីគកំពូលអង់គ្លេស នៅតែប្រឈមមុខនឹងការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងចំណូលដែលអាចរកបានពី ៦.៦ពាន់លានដុល្លារឯណោះ។
បញ្ហាហិរញ្ញវត្ថុនៅតែបន្តជួបវិបត្តិដោយសារ COVID-19 បើទោះបីជាគ្រោងវិលត្រឡប់មកប្រកួតវិញនាថ្ងៃទី១៧ ខែមិថុនា ក៏ប៉ុន្តែតម្រូវឲ្យបិទទ្វារកីឡដ្ឋានគ្រប់ទីកន្លែងទាំងអស់ ខណៈទឹកប្រាក់ប្រមាណ ៤២១លានដុល្លារ ក៏ត្រូវបង្វិលទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ ជុំវិញការប្រកួតមិនបញ្ចប់ទៅតាមកាលបរិច្ឆេទ។
ក្នុងរបាយការណ៍បឋមពីក្លិប Chelsea និង Everton បានខាតអស់ ២០០លានផោន ដែលស្មើនឹង ២៥៥លានដុល្លារក្នុងអំឡុងជួបវិបត្តិ Covid-19 ក្នុងខណៈ Premier League រដូវកាលនេះនៅមិនទាន់បញ្ចប់ ដោយពេញលេញនៅឡើយទេ៕