(ភ្នំពេញ)៖ កញ្ញាឯកធម្មជាតិឆ្នាំ ២០១៧ស្រីស្អាត ទេព ម៉ាយ៉ា បច្ចុប្បន្នត្រូវបានគេដឹងថា កំពុងតែរស់នៅយ៉ាងមានក្ដីសុខ បន្ទាប់ពីរៀបការ ជាមួយស្វាមី ដែលមានងារជាឯកឧត្ដមមក។ នាងត្រូវបានគេដឹងថា មានជំនួញក្នុងដៃយ៉ាងតិច៣ក្រុមហ៊ុន ហើយអ្វីដែលជាការកោតសរសើរនោះ ស្ត្រីរូបស្រស់សោភាពូកែខាងរកស៊ីរូបនេះ ផ្ដើមពីដើមទុនត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ តស៊ូព្យាយាមអាចបង្កើតទុនរាប់លានដុល្លារក្នុងដៃ។

ជាកូនស្រីច្បង ក្នុងចំណោមបងប្អូនបង្កើត២នាក់ ទេព ម៉ាយ៉ា គឺជាក្មេងស្រីម្នាក់ ដែលមានការតស៊ូតាំងពីដឹងក្ដី ត្បិតនាងកើតក្នុងត្រកូលគ្រួសារមានជីវភាពក្រីក្រមួយ ក្នុងខេត្តកំពង់ឆ្នាំង ដោយឪពុកបានស្លាប់ចោល ជាច្រើនឆ្នាំមកហើយ។

ទោះបីជាគ្រួសារ មិនមានជីវភាពប្រសើរ ដោយយល់ឃើញថា ចំណេះវិជ្ជា គឺជារឿងសំខាន់ ទេព ម៉ាយ៉ា បានព្យាយាមសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់។ ទន្ទឹមនឹងគ្នានោះដែរ នាងក៏បានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយសារតែស្រឡាញ់សិល្បៈតាំងពីកំណើត។

នៅឆ្នាំ២០១៧ នាងបានប្រឡងជាប់ជាកញ្ញាឯកធម្មជាតិ ហើយបន្ទាប់មកក៏ចាប់ផ្ដើមមហាជនស្គាល់ជាបន្តបន្ទាប់ ដោយសារតែមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង។ ក្រោយពីជាប់ជាកញ្ញាឯកធម្មជាតិការងារសិល្បៈរបស់នាង ហាក់មិនសូវជាមានច្រើនឡើយ ភាគច្រើនបានត្រឹមតែថតស្ប៉ត ពាណិជ្ជកម្ម និងសំអាងការប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណាស្រីស្អាតរូបនេះបែរជាល្បីខាងរកស៊ីទៅវិញ។ ការរកស៊ីរបស់នាងផ្តោតសំខាន់លើមុខជំនួញគ្រឿងសាឡន ដោយផ្តើមពីដើមទុនដំបូងរបស់នាង មានត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ។

ស្រីស្រស់ ទេព ម៉ាយ៉ា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា ការចេញរកស៊ីដំបូងបានប្រឈមនឹងបញ្ហាច្រើនណាស់ ដូចជាខ្វះទុនខ្វះការជួយជ្រោមជ្រែងពីគ្រួសារជាដើម។ «ខ្ញុំដួលមិនក្រោម១០ដងឡើយ ព្រោះយើងខ្វះដើមទុន ខ្វះអ្នកជួយជ្រោមជ្រែង តែខ្ញុំនៅតែតស៊ូ ដោយប្រាប់ខ្លួនឯងថា ត្រូវតែរឹងមាំធ្វើការផងរកស៊ីផង»។ នេះជាការបញ្ជាក់បន្ថែមរបស់ ទេព ម៉ាយ៉ា។

អ្នកនាង ទេព ម៉ាយ៉ា ចាប់ផ្ដើមរីកចម្រើននៅពេលដែលស្គាល់ស្វាមីរបស់នាង ដែលដំបូងឡើយស្វាមីមិនទាន់ទទួលងារជាឯកឧត្ដមនៅឡើយ។ គ្រាដែលស្គាល់នោះគឺចំពេលដែល នាងកំពុងតែបរាជ័យលើមុខជំនួញសាឡនតែម្ដង ហើយពួកគេទាំងពីរបានចេញមុខរកស៊ីជាមួយគ្នា ដោយបើកហាងគ្រឿងសម្អាងវិញម្ដង បន្ទាប់មកក៏ចេះតែជោគជ័យបន្តិចម្ដងៗ រហូតបានបង្កើតបានសាខាជាច្រើនកន្លែង។ រយៈពេល៣ឆ្នាំក្រោយស្គាល់ចិត្តថ្លើមគ្នាច្បាស់ ពួកគេក៏សម្រេចចិត្តចូលរោងការជាមួយ ស្របពេលដែលស្វាមី គឺលោក បុត្រ រំដួលរង្សី ទើបតែទទួលងារជាឯកឧត្ដម បម្រើការនៅស្ថាប័នធំមួយ។

ក្រោមការតស៊ូព្យាយាមហើយមានស្វាមីល្អផងនោះ បច្ចុប្បន្ន ទេព ម៉ាយ៉ា មានក្រុមហ៊ុនក្នុងដៃយ៉ាងតិច៣ ដែលបច្ចុប្បន្ននាងកំពុងតែមមាញឹកខ្លាំងលើមុខជំនួញទាំងនោះ៕