(សេអ៊ូល)៖ ក្រុមហ៊ុន LG Chem Ltd របស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះបានឱ្យដឹងថា ខ្លួនបានចុះកិច្ចសន្យាមានលក្ខខណ្ឌមួយ ជាមួយក្រុមហ៊ុនចិន នីងប៉ូ សានសាន (Ningbo Shanshan) ដើម្បីលក់ពាណិជ្ជកម្មសារធាតុផ្សំផលិតបន្ទះអេក្រង់ LCD (LCD polarizer) មួយចំនួនធំរបស់ខ្លួនក្នុងតម្លៃ ១.១ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន LG Chem បានបញ្ជាក់ទៀតថា អាជីវកម្មនៃសារធាតុផ្សំផលិតបន្ទះអេក្រង់ LCD (LCD polarizer business) មួយចំនួនក្នុងនោះរួមមានអាជីវកម្ម LCD សម្រាប់រថយន្ដនឹងត្រូវបានដកចេញពីការលក់នេះ។ បើតាមសេចក្ដីថ្លែងការណ៍ដដែល កិច្ចសន្យាខាងលើនៅត្រូវរង់ចាំការយល់ព្រម ពីក្រុមប្រឹក្សានាយកនៅឡើយ ហើយលក្ខខណ្ឌមួយចំនួនអាចនឹងត្រូវកែប្រែ ខណៈសេចក្ដីប្រកាសផ្លូវការនឹងត្រូវចេញផ្សាយ នៅពេលកិច្ចព្រមព្រៀងត្រូវបញ្ចប់រួចរាល់។
គួរជម្រាបថា ក្រុមហ៊ុនចិន Ningbo Shanshan កាលពីថ្ងៃអង្គារម្សិលមិញបាននិយាយថា ខ្លួនគម្រោងបង្កើនថវិកាឲ្យដល់ ៣.១ពាន់លានយ័ន ឬស្មើនឹង ៤៣៨លានដុល្លារ ដើម្បីទិញភាគហ៊ុនមួយចំនួនធំនៅក្នុងអាជីវកម្ម LCD polarizer របស់ក្រុមហ៊ុន LG Chem នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ និងកូរ៉េខាងត្បូង