(បរទេស)៖ ភាពយន្តថ្មីមួយនៅលើវែបសាយទស្សនាភាពយន្តតាមអនឡាញដ៏ល្បី «Netflix» ដែលទើបត្រូវបានចាក់បញ្ចាំងកាលពីចុងសប្តាហ៍កន្លងទៅ ត្រូវបានក្រុមអ្នកវាយតម្លៃភាពយន្តលើវែបសាយ Rotten Tomatoes ឲ្យពិន្ទុសូន្យតែម្តង ដោយសារតែពួកគេយល់ថា វាមានចំណុចមិនល្អជាច្រើន ដូចជាឆុតឆាកសាហាវឃោរឃៅមួយចំនួន ដែលបង្ហាញពីសកម្មភាពប៉ូលិសនៅក្នុងខ្សែភាពយន្តនេះ។
ភាពយន្តនោះមានចំណងជើងថា «The Last Day of American Crime» ដែលទើបត្រូវបានសម្ពោធចាក់បញ្ចាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅលើវែបសាយ Netflix គឺត្រូវបានក្រុមអ្នកវាយតម្លៃភាពយន្តលើវែបសាយ Rotten Tomatoes ចាត់ទុកជាជាខ្សែភាពយន្តមានគុណភាពអន់។ វែបសាយ Rotten Tomatoes ជាវែបសាយអន្តរជាតិដែលផ្តល់ការវាយតម្លៃលើភាពយន្តនានា។ គិតត្រឹមពេលនេះ មានអ្នកជំនាញ២៥នាក់បានបញ្ចេញការយល់ឃើញលើខ្សែភាពយន្ត «The Last Day of American Crime» ហើយសុទ្ធតែឲ្យពិន្ទុសូន្យទាំងអស់។
ចំណែកពិន្ទុដែលទទួលបានពីអ្នកទស្សនាទូទៅវិញ ក៏ជាល្អប៉ុន្មានដែរគឺបានត្រឹម២៧ភាគរយប៉ុណ្ណោះ ដោយសូវខុសពីក្រុមអ្នកវាយតម្លៃភាពយន្តនោះទេ គឺពួកគេភាគច្រើនមិនពេញចិត្តចំពោះឈុតឆាកសម្តែង សាច់រឿង និងការបង្ហាញសកម្មភាពសាហាវៗមួយចំនួន ខណៈអ្នកខ្លះបានហៅវាថាជាខ្សែភាពយន្តដែលអាក្រក់បំផុត។ និយាយរួមគឺភាពយន្តថ្មីរបស់ Netflix មួយនេះ ហាក់មិនទទួលបានជោគជ័យទាំងជាមួយអ្នកវាយតម្លៃភាពយន្ត និងទាំងជាមួយអ្នកទស្សនាទូទៅ។
គួរជម្រាបថា ខ្សែភាពយន្តនេះត្រូវបានតាក់តែងឡើង ដោយយោងទៅតាមរឿងប្រលោមលោកក្រាហ្វិច (Graphic Novel) ដែលមានឈ្មោះដូចគ្នា បង្កើតឡើងដោយលោក Rick Remender និង លោក Greg Tocchini។ សង្គមបរិយាកាសនៃភាពយន្តនេះ គឺកើតឡើងនៅអនាគតខ្លីខាងមុខ ដោយនៅពេលនោះរដ្ឋាភិបាលអាមេរិកមានគម្រោងផ្សព្វផ្សាយរលកវិទ្យុមួយ ដែលអាចធ្វើឲ្យប្រជាជនទាំងអស់លែងដឹងថាខ្លួនធ្វើខុសពេលប្រព្រឹត្តបទល្មើសតទៅទៀត៕