(បារាំង)៖ Mona Lisa ជាផ្ទាំងគំនូរនៃស្រ្តីម្នាក់ ដែលត្រូវបានគូរដោយវិចិត្រករជនជាតិអ៉ីតាលី លោក Leonardo Da Vinci កាលពីឆ្នាំ១៥០៣ ក្នុងសម័យ Renaissance និងត្រូវមនុស្សភាគច្រើននៅជុំវិញពិភពលោកបានស្គាល់ និងបានឃើញ ខណៈបច្ចុប្បន្នវាស្ថិតក្នុងប្រទេសបារាំង។ ខាងក្រោមគឺជាចំណុចគួរឲ្យយល់ដឹងមួយចំនួនទាក់ទងនឹងផ្ទាំងគំនូរដ៏ល្បីនេះ។
* Mona Lisa ជារូបគំនូរនៃស្រ្តីម្នាក់ឈ្មោះ Lisa del Giocondo
Lisa ជាភរិយារបស់ឈ្មួញអ៉ីតាលីម្នាក់ឈ្មោះ Francesco del Giocondo រស់នៅទីក្រុង Florence នៃប្រទេសអ៉ីតាលី។ លោក Francesco បានជួលវិចិត្រករ Leonardo Da Vinci ឲ្យគូររូបភរិយាខ្លួន។
* Mona Lisa ជាផ្ទាំងគំនូរ ដែលត្រូវបានគូរដោយប្រើប្រេងនៅលើផ្ទាំងឈើ
វិចិត្រករអ៉ីតាលីសម័យ Renaissance ភាគច្រើន ចូលចិត្តប្រើផ្ទាំងឈើដើម្បីគូរទំហំតូចៗល្មមរបស់ពួកគេ។
* Mona Lisa ធ្លាប់ស្ថិតនៅជាមួយស្តេចបារាំង Francois I, ស្តេច Louis XIV, និង មេទ័ព Napoleon
ទោះលោក da Vinci បានចាប់ផ្តើមគំនូរ Mona Lisa តាំងតែពីពេលលោករស់នៅប្រទេសកំណើតគឺអ៉ីតាលីក៏ដោយ លោកពុំទាន់អាចបញ្ចប់គំនូរនេះនៅឡើយទេ រហូតទាល់តែលោកបានផ្លាស់ទីលំនៅទៅកាន់ប្រទេសបារាំង ក្រោមការសំណើរបស់ស្តេចបារាំង Francois I។ នៅឆ្នាំ១៥១៩ លោក da Vinci បានទទួលមរណភាព។ ក្រោយមក ស្តេច Francois I បានតាំងបង្ហាញផ្ទាំងគំនូរនេះ នៅព្រះរាជវាំង Fontainebleau របស់ទ្រង់ ជាទីដែល Mona Lisa ស្ថិតនៅប្រមាណមួយសតវត្សរ៍។ ក្រោយមក ស្តេច Louis XIV បានរើផ្ទាំងគំនូរនេះទៅកាន់ព្រះរាជវាំង Palace of Versailles។ មកដល់ឆ្នាំ១៨០០ លោក Napoleon Bonaparte បានតាំង Mona Lisa នៅក្នុងបន្ទប់ផ្ទាល់ខ្លួនរបស់លោក។
* Mona Lisa មានបន្ទប់ផ្ទាល់ខ្លួននៅសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស
Mona Lisa ត្រូវបានយកទៅតាំងនៅសារមន្ទីរ Louvre នៅឆ្នាំ១៨០០ជាង។ ក្រោយពីសារមន្ទីរ Louvre ចាប់ផ្តើមការកែលម្អដោយប្រើពេល៤ឆ្នាំ និងលុយ៦.៣លានដុល្លារនៅឆ្នាំ២០០៣ Mona Lisa ទទួលបានបន្ទប់ផ្ទាល់ខ្លួន ដែលមានដំបូលកញ្ចក់ដើម្បីឲ្យមានពន្លឺធម្មជាតិជះចូលទៅ ហើយផ្ទាំងគំនូរនេះត្រូវបានដាក់ក្នុងប្រអប់កញ្ចក់ការពារ ដែលមិនអាចបំបែកបាន និងរក្សាសីតុណ្ហភាពនៅត្រឹម៦អង្សាសេ។
* Mona Lisa ត្រូវបានគេស្គាល់នៅជុំវិញពិភពលោក បន្ទាប់ពីត្រូវចោរលួច
កាលពីឆ្នាំ១៩១១ ផ្ទាំងគំនូរនេះត្រូវបានគេលួច ដោយពេលនោះបទឧក្រិដ្ឋនេះ ត្រូវបានបណ្តាញសារព័ត៌មានចុះផ្សាយព្រោងព្រាងនៅពាសពេញពិភពលោក ហើយនៅពេល Mona Lisa ត្រូវបានរកឃើញនិងយកមកដល់សារមន្ទីរ Louvre វិញ នៅ២ឆ្នាំក្រោយ គឺមនុស្សម្នានៅលើផែនដីបានសម្តែងការអបអរសាទរ។
* Mona Lisa ធ្លាប់ត្រូវតាំងបង្ហាញប៉ុន្មានដងនៅក្រៅប្រទេសបារាំង
នៅឆ្នាំ១៩៦៣ Mona Lisa ត្រូវបានយកទៅកាន់សហរដ្ឋអាមេរិករយៈពេល៧សប្តាហ៍ ក្រោមការអញ្ជើញរបស់លោកស្រី Jackie Kennedy ដែលជាភរិយាលោក John F. Kennedy ប្រធានាធិបតីអាមេរិកនាពេលនោះ។ Mona Lisa ត្រូវបានតាំងបង្ហាញនៅសារមន្ទីរក្នុងរដ្ឋធានីវ៉ាស៉ីនតោន និងនៅញូយ៉ក ហើយទទួលបានការចូលទស្សនាពីមនុស្សជាង១លាននាក់។ ជាង១០ឆ្នាំក្រោយមកទៀត Mona Lisa បានទៅដល់តូក្យូ និងម៉ូស្គូ ហើយទទួលបានអ្នកចូលទស្សនាជាង២លាននាក់។
* Mona Lisa ធ្លាប់រងការវាយប្រហារជាច្រើនលើក
នៅឆ្នាំ១៩៥៦ មានមនុស្សម្នាក់ជះទឹកអាស៉ីតទៅលើ Mona Lisa ហើយម្នាក់ទៀតបានយកដុំថ្មគប់។ ការប៉ះពាល់មិនសូវជាធ្ងន់ធ្ងរនោះទេ ប៉ុន្តែអាចកត់សម្គាល់ឃើញ។ ជាមួយការបំពាក់ប្រអប់កញ្ចក់ការពារក្រោយមក Mona Lisa បានរួចផុតពីការវាយប្រហារជាបន្តបន្ទាប់ទៀត រួមមានការព្យាយាមបាញ់ថ្នាំពណ៌នៅឆ្នាំ១៩៧៤ និងការជះកាហ្វេនៅឆ្នាំ២០០៩។
* Mona Lisa មិនអាចត្រូវគេទិញ ឬដាក់លក់បានឡើយ
បច្ចុប្បន្ន Mona Lisa ស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាលបារាំង។ យោងតាមច្បាប់សម្បត្តិបេតិកភណ្ឌរបស់ប្រទេសបារាំង ផ្ទាំងគំនូរនេះមិនអាចត្រូវគេទិញយក ឬដាក់លក់បាននោះទេ៕