(ថៃ)៖ តារាភាពយន្តជើងចាស់ល្បីឈ្មោះរបស់ថៃ លោក Sarunyu តួអង្គនាយខាវ ក្នុងរឿង «ថងខ្វាវ» បានទទួលមរណភាពដោយសារជំងឺមហារីក ក្នុងវ័យ៥៩ឆ្នាំ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ក្នុងមន្ទីរពេទ្យ Chulalongkorn។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Nation Thailand នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
តារាថៃរូបនេះ កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៦០ នៅខេត្ត Samut Songkram និងបានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្មពីសាកលវិទ្យាល័យ Chulalongkorn ប៉ុន្តែក្រោយមក Sarunyu បានសម្រេចធ្វើការងារតាមក្តីស្រមៃរបស់លោក ដោយដំបូងឡើយធ្វើជាតារាសម្តែង និងក្រោយមកជាអ្នកដឹកនាំភាពយន្ត។ ភាពយន្តដំបូងដែលលោកសម្តែងគឺរឿង «Petchakart Kuam Kriad» ចាក់ផ្សាយលើទូរទស្សន៍ប៉ុស្តិ៍លេខ៩ថៃ។
ដំណឹងទទួលមណភាពរបស់តារាសម្តែងជើងចាស់រូបនេះ បានធ្វើឲ្យទស្សនិកជនដែលនិយមតាមដានរឿងភាគថៃសោកស្តាយយ៉ាងខ្លាំង។ គ្រប់គ្នាសឹងតែនឹកស្មានមិនដល់ថា លោកលាចាកលោកយ៉ាងលឿនបែបនេះឡើយ។ មហាជនធ្លាប់ទស្សនាការសម្តែងរបស់លោក បង្ហោះលើបណ្តាញសង្គមបន្តបន្ទាប់ សូមឲ្យលោកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕