(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា បានសម្រេចចិត្តចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) ដែលជាក្លិបចាស់របស់ខ្លួនវិញហើយ បន្ទាប់ពីប្រកាសលាឈប់ពីតួនាទីគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ។ ប៉ុន្ដែការវិលទៅទ្រនំចាស់នេះ គឺក្នុងតួនាទីថ្មី ជាអ្នកវិភាគវីដេអូការប្រកួត មិនមែនជាគ្រូបង្គោលដូចមុនឡើយ។
បើតាមការឲ្យដឹងពីសាមីខ្លួន បន្ទាប់ពីចំណាយពេលជិត ២ខែ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំទ័ព ក្នុងការរៀបចំតួនាទីការងាររបស់ខ្លួន លោកក៏បានសម្រេចចិត្តធ្វើការជាមួយក្លិប ក្នុងនាមជាមន្ដ្រីក្របខណ្ឌ តែមិនមានកិច្ចសន្យាផ្លូវការផ្នែកបាល់ទាត់ឡើយ ព្រោះលោកជាមន្ដ្រីក្របខណ្ឌរបស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ។ ហេតុនេះ លោកនឹងរួមចំណែកជួយក្លិបមួយផ្នែកគឺ Video Analyst ឬវីដេអូវិភាគការប្រកួត។
លោក ភា សុភ័ក្ដ្រា និយាយថា «ដោយសារយើងជាមន្ដ្រីក្របខណ្ឌ យើងអាចជួយបាន ដើម្បីយើងអាចបានរក្សាការងារក្របខណ្ឌរបស់យើង។ ខ្ញុំក៏សម្រេចជួយផ្នែកមួយនៃបាល់ទាត់ មានន័យថា សម្រាប់តួនាទីរបស់ខ្ញុំ ដោយផ្អែកលើបទពិសោធន៍របស់ខ្ញុំ ចឹងខ្ញុំអាចជួយបានដោយប្រយោលក្នុងផ្នែក Video Analyst។ ខ្ញុំផ្ដោតសំខាន់ទៅលើប៉ុន្មានចំណុច ដូចជាការធ្វើវីដេអូរបស់គូប្រកួត ដែលត្រូវជួបជាមួយក្រសួងការពារជាតិជាដើម»។
យ៉ាងណាមិញ ទន្ទឹមជាមួយការប្រកាសចូលប្រឡូកអាជីពបាល់ទាត់នេះដែរ គ្រូបង្វឹកកម្រិត A-License ខាងលើ ក៏បានបើកភ្លើងខៀវជួយផ្នែកណាមួយដែរ ដ្បិតលោកនៅចង់បន្ដការងារបាល់ទាត់នៅឡើយ។ លោកថា «តួយ៉ាងដូចជាជម្រើសជាតិ បើសិនមានការប្រមូលណាមួយឡើងវិញ ហើយខាងជម្រើសជាតិ នៅត្រូវការជួយ ហើយខ្ញុំក៏ចង់នៅបន្ដការងារបាល់ទាត់ មិនថាផ្នែកណាទេ ឲ្យតែការងារបាល់ទាត់ បើសិនជាមានឱកាស ខ្ញុំនឹងទៅជួយបានក្នុងអំឡុងពេលនៃការប្រមូលផ្ដុំ ឬក៏ពេលវេលាបេសកកម្មខ្លីៗអញ្ចឹងទៅ ដើម្បីចូលរួមចំណែកបន្ដទៀត ជាមួយវិស័យបាល់ទាត់កម្ពុជា»។
សូមរំឭកថា លោក ភា សុភ័ក្ដ្រា ធ្លាប់ត្រូវបានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ប្រកាសតែងតាំងជាគ្រូបង្គោលកាលពីឆ្នាំ២០១៨ ហើយក្នុងឆ្នាំដដែល លោកបានជួយក្លិបលើកពានសម្ដេចតេជោ ហ៊ុន សែន និងឈរលេខរៀងទី៤ ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា មុនលោកចាកចេញនៅពាក់កណ្ដាលឆ្នាំ២០១៩ ទៅធ្វើគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ជាមួយលោក Felix G-Damas និងអ្នកចាត់ការទូទៅលោក Keisuke HONDA៕