(ញូវយ៉ក)៖ សហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិក USSF នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការលុបចោល ចំពោះបម្រាមដែលហាមប្រាមមិនឲ្យកីឡាករ-កីឡាការិនីលុតជង្គង់នៅអំឡុងគោរពភ្លេងជាតិ ដែលមិនជាប់ពាក់ព័ន្ធនឹងចលនា «Black Lives Matter» នោះឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ Channel News Asia។

ក្នុងគោលនយោបាយនេះ ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ បន្ទាប់ពីសមាជិកក្រុមបាល់ទាត់ជម្រើសជាតិស្ត្រីអាមេរិក Megan Rapinoe បានលុតជង្គង់ អំឡុងពេលគោរពភ្លេងជាតិ មុនការប្រកួតក្នុងឆ្នាំ២០១៦ នោះ ក្នុងន័យស្វែងរកយុត្តិធម៌ឲ្យអតីតកីឡាករអាមេរិក Colin Kaepernick ត្រូវបានគេរើសអើងពូជសាសន៍ក្នុងអំឡុងការប្រកួតនាពេលកន្លងមក។

សហព័ន្ធខាងលើបានចេញសេចក្តីថ្លែងការណ៍មួយថា «យើងសូមអភ័យទោសដល់កីឡាកររបស់យើង ជាពិសេសកីឡាករស្បែកខ្មៅរបស់យើង បុគ្គលិកអ្នកគាំទ្រ និងអ្នកទាំងអស់ដែលគាំទ្រការលុបបំបាត់ការរើសអើងជាតិសាសន៍។ កីឡា គឺជាវេទិកាមួយដ៏មានឥទ្ធិពល ដែលយើងប្រើដោយពុំមានប្រសិទ្ធភាពនាពេលកន្លងមក។ ផ្ទុយទៅវិញ យើងអាចធ្វើបានកាន់តែល្អច្រើនជាងនេះទៀត ប្រសិនបើយើងចេះកែប្រែវិញនោះ»

គួរបញ្ជាក់ផងថា បញ្ហាចម្រូងចម្រាសខាងលើនេះ បានវិលត្រឡប់មកវិញ ក្រោយការស្លាប់របស់លោក George Floyd ដែលជាបុរសស្បែកខ្មៅ ក្រោមស្នាដៃប៉ូលិសស្បែកសនៃអាមេរិកកាលពីចុងខែឧសភា ឆ្នាំ២០២០៕