(បរទេស)៖ មកដល់យុគសម័យទំនើបនេះការវះកាត់កែសម្ផស្សត្រូវបានយកចិត្តទុកដាក់ជាទូទៅហើយពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកចំរើនយ៉ាងទូលំទូលាយ តែអ្វីដែលគួរឱ្យកត់សំគាល់នោះគឺអ្នកនិយមប្រើគ្រឿងសម្អាង រួមទាំងអ្នកវះកាត់កែសម្ភស្សផងស្ទើរមិនបានដឹងថា គ្រឿងសម្អាង និងការវះកាត់កែសម្ផស្សមានប្រភពដើមកំណើតពីពេលណាមកនោះទេ។ តើប្រវត្តិនៃការក៏កើតគ្រឿងសំអាង និងការវះកាត់កែសម្ផស្សកើតមានពីពេលណាមក?
១៖ តើគ្រឿងសម្អាងមានកំណើតពីពេលណា?
រឿងរ៉ាវនៃការលេចឡើងវត្តមានគ្រឿងសម្អាងសម្រាប់តុបតែងលាតសន្ធឹងអស់រយៈពេលប្រមាណជាង ៧០០០ឆ្នាំមកហើយ ដែលមានស្ទើរតែគ្រប់មជ្ឈដ្ឋានក្នុងសង្គមទាំងអស់ទូរទាំងពិភពលោក។ សិល្បៈនៃការតុបតែងខ្លួនត្រូវបានគេអះអាងវាជាទម្រង់ដំបូងបង្អស់ ដែលត្រូវបានកើតឡើងពីការប្រារព្ធពិធីសាសនានៅក្នុងវប្បធម៌មនុស្ស។ យោងតាមភស្ដុតាងមួយចំនួនបានបញ្ជាក់ថា ដំបូងឡើយមនុស្សនៅប៉ែកទ្វីបអាហ្វ្រិក ចាប់ផ្ដើមជ្រើសយកសារធាតុអ័រពណ៌ក្រហមរួមជាមួយគូល័រទៀនពណ៌ផ្សេងដើម្បីមកប្រើប្រាស់។
និងយោងតាមការសង្កេតភស្តុតាងនៃអ្នកបុរាណវិទ្យាខាងផ្នែកគ្រឿងសំអាងបានបញ្ជាក់ថា របៀបរបបនៃការតុបតែងគ្រឿងសម្អាងគឺមានវត្តមានលេចឡើងតាំងពីសម័យអេហ្ស៉ីប និងក្រិកបុរាណពិតមែន។ យោងទៅតាមប្រភពមួយបានឲ្យដឹងថា ការវិវត្តន៍ប្រើប្រាស់ដំបូងរួមមានដូចជាការជ្រើសយកប្រេងល្ហុង ដែលស្ថិតក្នុងប្រទេសអេហ្ស៊ីបបុរាណមកប្រើប្រាស់ជាមួយប្រទាលសម្រាប់ការពារស្បែក ព្រមទាំងប្រើប្រាស់ក្រែមមាត់ដែលផ្សំឡើងពីសម្បុកឃ្មុំ ប្រេងអូលីវ និងទឹកកុលាបក្រហមជាដើម ដែលរូបមន្តត្រូវបានណែនាំឲ្យប្រើប្រាស់ដោយជនជាតិរ៉ូមាំង។
វាក៏ត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងទីក្រុងរ៉ូមផងដែរ បើទោះបីជាមានអ្នកអក្សរសាស្ត្ររ៉ូម៉ាំងមួយចំនួនមិនគាំទ្រនឹងគំនិតនេះក៏ដោយ។ នារីៗនាសម័យកាលនោះបាននាំគ្នាបង្កើតជារូបមន្តដើម្បីធ្វើជាម្សៅផាត់ ក៏ដូចជាប្រភេទគ្រឿងសម្ភារៈផ្សេងៗជាច្រើនទៀតសម្រាប់ការតុបតែងមុខផងដែរ។
២៖ តើការវះកាត់កែសម្ផស្សបានកើតឡើងពីពេលណាមក?
ប្រវត្តិសាស្រ្តនៃការវះកាត់កែសម្ផស្សមានអាយុកាលច្រើនសតវត្សរ៍កន្លងមកហើយ។ វិធីសាស្រ្តនៃការវះកាត់សម្ផស្សដែលយើងធ្លាប់ទទួលដឹងលឺនាសព្វថ្ងៃនេះ គឺត្រូវបានប្រើប្រាស់ដោយគ្រូពេទ្យនៅដើមទសវត្សឆ្នាំ១៨០០ ។
បើទោះបីជាឧបករណ៍ និងបច្ចេកទេសដែលត្រូវបានយកទៅអនុវត្តសម្រាប់ការវះកាត់នាសព្វថ្ងៃនេះ មានការវិវត្តន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះក៏ដោយ ប៉ុន្តែមូលដ្ឋានគ្រឹះព្រមទាំងវិធីសាស្រ្តនៃការវះកាត់នៅតែរក្សាទម្រង់ដើម ដូចទៅនឹងគ្រានាសម័យសតវត្សរ៍ទី១៨ ដដែល។ មនុស្សគ្រប់រូបតែងតែយកចិត្តទុកដាក់ចំពោះរូបសម្បត្តិខាងក្រៅរបស់ពួកគេតាំងតែពីដើមអារ្យធម៌មកម៉្លេះ។
ដូច្នេះដើម្បីផ្តល់នូវរូបរាងល្អប្រសើរតាមដែលមនុស្សម្នាក់ៗប្រាថ្នាចង់បាន លោកវេជ្ជបណ្ឌិតនាសម័យបុរាណក៏បានខិតខំប្រឹងប្រែងរិះរកវិធីសាស្រ្ត ដែលត្រូវបានលេចឡើងចេញជាការវះកាត់កែសម្ផស្សនេះកើតឡើង។
នៅគ្រាសម័យនោះការចាក់ស្នាមសាក់ព្រមទាំងការចោះទម្លុះស្បែក ពិតជាមានប្រជាប្រិយភាពណាស់។ មនុស្សបានប្រើបច្ចេកទេសជំនាញផ្សេងៗ ដើម្បីផ្លាស់ប្តូរមុខមាត់របស់ខ្លួនតាមរបៀបដែលពួកគេចង់បានដូចជា ប្រើប្រាស់ការចាក់ម្ជុល ការវះកាត់ ដើម្បីបន្ថែមសម្រស់ទៅលើផ្នែកផ្សេងៗនៃរាងកាយរបស់ខ្លួនឲ្យមានភាពទាក់ទាញ និងស្រស់ស្អាត៕