(ក្រុងឡុងដ៍)៖ ក្លិបទាំង២០ ដែលចូលរួមប្រកួតក្នុងលីគ Premier League បានព្រមព្រៀងគ្នា លើការរៀបចំវិធីសារនៅថ្ងៃប្រកួតដែលនឹងចាប់ផ្តើម ឡើងវិញ នៅសប្តាហ៍ក្រោយ បន្ទាប់ពីបានផ្អាករយៈពេល៣ខែ ដោយសារតែការរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១១ ខែមិថុនានេះ។

កិច្ចប្រជុំ ជាមួយម្ចាស់ភាគហ៊ុនចុងក្រោយ នៅថ្ងៃព្រហស្បតិ៍នេះ បានពិភាក្សាគ្នា ពីវិធានការលំអិតផ្នែកវេជ្ជសាស្ត្រ និងប្រតិបត្តិការផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្លិបទាំងអស់ក៏នឹងត្រូវស្មឹងស្មាធរយៈពេល១នាទីផងដែរ ចំពោះអ្នកដែលបានស្លាប់ដោយសារជំងឺ COVID-19។

ការចាប់ផ្តើមប្រកួតឡេីងវិញរបស់ក្របខណ្ឌ Premier League នៅថ្ងៃពុធសប្តាហ៍ក្រោយ ដោយមាន ២ប្រកួតបេីកឆាក ក្នុងចំណោម ៩២ប្រកួត។

២ប្រកួតដំបូងនោះ ក្លិប Manchester City នឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ Arsenal និងក្រុម Aston Villa ជួបស្វាគមន៍ជាមួយក្រុម Sheffield United។

គ្រប់ការប្រកួតដែលនៅ សល់ នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រ និងមានកំណត់ត្រឹមចំនួន៣០០នាក់ប៉ុណ្ណោះដែលចូលរួម រួមបញ្ចូលទាំង បុគ្គលិកផ្សាយ អ្នកអត្ថាធិប្បាយ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ដែល នឹងត្រូវបានអនុញ្ញាតឲ្យចូលនៅក្នុងពហុកីឡដ្ឋាននាថ្ងៃប្រកួត៕