(ម៉ិកស៊ិក)៖ កីឡាករខ្សែប្រយុទ្ធ Rogelio Funes Mori លេងឲ្យក្លឹប Monterrey ស្ថិតក្នុងប្រទេសម៉ិកស៊ិក បានប្រាប់ឲ្យដឹង នៅថ្ងៃពុធថា លោកទទួលបានលទ្ធផលវិជ្ជមាន នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។
កីឡាករជនជាតិអាហ្សន់ទីន វ័យ២៩ឆ្នាំរូបនេះ មិនមានរោគសញ្ញាលើរូបរាងកាយនោះទេ ប៉ុន្តែលោកថា លោកបានរស់នៅដាច់ដោយឡែកពីគេ មួយអំឡុងពេលហើយ ដើម្បីការពារក្រុមគ្រួសារ និងមិត្តរួមក្រុមរបស់លោក។
លោក Funes Mori បានប្រាប់ឲ្យដឹងនៅលើបណ្តាញទំនាក់ទំនង Instagram ថា «ខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថា ខ្ញុំមានភាពវិជ្ជមាន នៃជំងឺ COVID-19, ចំណែកអ្នកគ្រប់គ្នា នៅក្នុងគ្រួសាររបស់ខ្ញុំ មានលទ្ធផលអវិជ្ជមាន, ខ្ញុំមានសុខភាពល្អ ហើយខ្ញុំសម្រេចថា ចែកចាយព័ត៌មាននេះ ដើម្បីជួយលើកកម្ពស់ការយល់ដឹង, ឥឡូវនេះ វាជាពេលវេលា ដើម្បីជាសះស្បើយ ដូច្នេះខ្ញុំអាចហ្វឹកហាត់ម្តងទៀតបាន, ខ្ញុំនឹងត្រឡប់មកវិញ ក្នុងរយៈពេល១០ថ្ងៃក្រោយ»។
Funes Mori បានសុតបញ្ចូលទី៩៥គ្រាប់ ក្នុង១៨៦ប្រកួត ឲ្យក្លឹប Monterrey ចាប់តាំងពីចូលរួមក្នុងក្លឹបនេះ នៅក្នុងឆ្នាំ២០១៥។ លោក ធ្លាប់បានជាប់ជា កីឡាករជម្រើជាតិម្តងផងដែរ នៃក្រុមបាល់ទាត់អាហ្សន់ទីន។
គួរបញ្ជាក់ថា ម៉ិកស៊ិក មានករណីឆ្លងជំងឺ COVID-19 ជាង១២៤,០០០ករណី ដែលក្នុងនោះជាង១៤,៦០០ករណី បានស្លាប់បាត់បង់ជីវិត៕