(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ទើបតែបានដាក់បណ្តឹងវាយបកទៅលើ ក្រុមហ៊ុនផលិតឧបករណ៍បំពងសំឡេង Sonos Inc. ដោយថាក្រុមហ៊ុននេះបានរំលោភកម្មសិទ្ធិបញ្ញារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
បញ្ហាវិវាទរវាងក្រុមហ៊ុនទាំងពីរ ដែលធ្លាប់បានសហការគ្នាលើការបញ្ចូលបច្ចេកវិទ្យាមួយចំនួនរបស់ Google ទៅក្នុងផលិតផលរបស់ Sonos បានផ្ទុះឡើងដំបូងកាលពីខែមករាដើមឆ្នាំនេះ នៅពេលក្រុមហ៊ុន Sonos បានប្តឹងក្រុមហ៊ុន Google ពីបទរំលោភកម្មសិទ្ធិបញ្ញា។ បច្ចុប្បន្ននេះ Sonos កំពុងប្រឈមមុខជាមួយការប្រកួតប្រជែងកាន់តែខ្លាំងឡើង ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google និង Amazon ជាដើម ដែលកំពុងតែពង្រីកអាជីវកម្មទៅរកការលក់ឧបករណ៍ភ្ជាប់អ៉ីនធើណិត ដែលប្រើប្រាស់ទូទៅក្នុងផ្ទះ ក្នុងនោះរួមមានទាំងឧបករណ៍បំពងសំឡេងឥតខ្សែ (Wireless Speaker) ដែលធូរថ្លៃជាងផលិតផលរបស់ Sonos ផងដែរ។
ក្នុងពាក្យបណ្តឹងខាងលើ ក្រុមហ៊ុន Google បានចោទក្រុមហ៊ុន Sonos ថា កំពុងប្រើប្រាស់បច្ចេកវិទ្យាជាច្រើនរបស់ខ្លួន ដោយខុសច្បាប់។ ចំណែកនាយកប្រតិបត្តិរបស់ Sonos វិញ បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុនលោកនឹងឈ្នះទាំងក្នុងពាក្យបណ្តឹងដើមរបស់លោក និងទាំងក្នុងពាក្យបណ្តឹងថ្មីរបស់ Google។
គួរជម្រាបថា ក្នុងពាក្យបណ្តឹងរបស់ខ្លួនកាលពីខែមករា ក្រុមហ៊ុន Sonos បានអះអាងថា Google ទទួលបានចំណេះដឹងពីបច្ចេកវិទ្យារបស់ខ្លួន តាមរយៈភាពជាដៃគូគ្នាមួយស្តីពីការរួមបញ្ចូលកម្មវិធី Google Play Music ទៅក្នុងផលិតផល Wireless Speaker របស់ Sonos ដោយខាង Google ស្រាប់តែបានផ្តាច់ការសហការនោះ ហើយងាកទៅលក់ឧបករណ៍បំពងសំឡេងផ្ទាល់ខ្លួនតែម្តង៕