(ម៉ាឌ្រីដ)៖ លោក Javier Tebas ដែលជាប្រធានលីគ LaLiga របស់អេស្ប៉ាញបានថ្លែងថា រូបលោកពិតជាចង់ឃើញការវិលត្រឡប់មកវិញសម្រាប់ក្រុមអ្នកគាំទ្រនៅក្នុងកីឡដ្ឋានប្រកួត មុនការប្រកួតបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ដែលការប្រកួតបានដំណើរការឡើងវិញ តែលេងដោយបិទទ្វារកីឡដ្ឋាន ក្រោយពីជួបវិបត្តិ COVID-19។ នេះបើតាមការចេញផ្សាយដោយវេបសាយ Livescore នាថ្ងៃទី១២ ខែមិថុនានេះ។
បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះបានឲ្យដឹងទៀតថា «ពិតណាស់ វានឹងមិនអាចធ្វើឡើងនៅគ្រប់កីឡដ្ឋានទាំងមូលបានទេ ជាមួយវិធានការប្រុងប្រយ័ត្នខ្ពស់ទៀតផង បើសិនជាអាច យើងចង់មានតែ ១០ទៅ១៥ភាគរយប៉ុណ្ណោះនៅក្នុងការប្រកួតបញ្ចប់រដូវកាលនេះ ដែលនោះជាអ្វីដែលយើងអាចសប្បាយចិត្ត ក៏ព្រោះថា នោះជាសញ្ញាបង្ហាញថា យើងកំពុងតែវិលទៅរកភាពជាធម្មតាវិញ»។
មួយវិញទៀត លោកបានគូសបញ្ជាក់ថា LaLiga រដូវកាលថ្មីឆ្នាំ២០២០-២០២១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញានោះ អាចផ្ដល់ភាពលំបាកដល់ក្រុម FC Barcelona, Real Madrid, Atletico Madrid, Getafe និង Sevilla ដែលក្រុមទាំងនេះ មានការប្រកួតពានរង្វាន់តំបន់អឺរ៉ុប ដែលនឹងចាប់ផ្តើមឡើងវិញនាខែសីហាសល់ពីរដូវកាលចាស់ដែលត្រូវបានផ្អាកនោះ។
LaLiga បានចាប់ផ្តើមប្រកួតឡើងវិញនារាត្រថ្ងៃទី១១ ឈានចូលថ្ងៃទី១២ ខែមិថុនាយប់មិញនេះ ក្រោយសម្រាកជិត ៣ខែ ដោយវិបត្តិ COVID-19 ជាមួយក្រុម Sevilla បានយកឈ្នះ Real Betis ក្នុងលទ្ធផល ២-០ ដែលជំនួបនេះធ្វើឡើងដោយមានការទទួលខុសត្រូវខ្ពស់ក្នុងលក្ខណសុវត្ថិភាពបំផុតនៅកីឡដ្ឋាន Ramon Sanchez Pizhuan ដែលជាទឹកដីរបស់ Sevilla៕