(កាតាឡាំង)៖ កីឡាករខ្សែប្រយុទ្ធលំដាប់ពិភពលោក Lionel Messi អាចនឹងឈ្នះពានរង្វាន់ LaLiga ជាលើកទី១១ ក្នុងចំណោមលេងឲ្យក្លិបអ្នកមានបុណ្យ FC Barcelona រយៈពេល ១៦រដូវកាលមកនេះ ក្នុងខណៈលីគកំពូលអេស្ប៉ាញមួយនេះនៅសល់ ១១ប្រកួតទៀតនឹងបញ្ចប់ជាផ្លូវការ។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន វ័យ ៣២ឆ្នាំខាងលើនេះ ក៏ត្រៀមជួយ Barcelona ប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Real Mallorca ក្នុងសប្តាហ៍ទី១ នៃការវិលមកវិញ ក្រោយវិបត្តិ Covid-19 ស្ងប់ស្ងាត់បន្តិចក្នុងប្រទេសអឺរ៉ុបមួយនេះ ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Son Moix រាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។ ក្រុមដែលស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញ Barcelona នៅតែបន្តប្រជែងជាមួយក្រុមខ្លាំង Sevilla, Atletico Madrid និង Real Madrid ដើម្បីលើកពាន LaLiga ក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ។

បើសិនការប្រកួតអាចឈ្នះទាំងអស់ចាប់ពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដាមែននោះ នឹងធ្វើឲ្យកីឡាករអន្តរជាតិ Messi កាន់តែប្រកៀកជាមួយកំណត់ត្រារបស់អតីតកីឡាករ Real Madrid លោក Paco Gento ដែលឈ្នះពាន LaLiga បាន ១២លើកច្រើនជាងគេដល់បច្ចុប្បន្ន។

គួរបញ្ជាក់ផងថា Messi បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយ Barcelona នៅរដូវកាលឆ្នាំ២០០៤-២០០៥ ក្នុងតួនាទីជាខ្សែប្រយុទ្ធចំតួ ដែលបានឈ្នះពាន LaLiga ចំនួន ១០លើកមកហើយ ខណៈអតីតមិត្តរួមក្រុម Andres Iniesta ឈ្នះបាន ៩លើក រួមជាមួយកីឡាករ Xavi Hernandez ឈ្នះបាន ៨លើក និងមិត្តរួមក្រុមបច្ចុប្បន្នខ្សែការពារ Gerard Pique, Sergio Busquets និង Sergio Roberto ឈ្នះបាន ៦លើកដូចគ្នា៕