(ភ្នំពេញ)៖ មហោស្រពភាពយន្តដ៏ធំមួយដែលរៀបចំឡើងនៅប្រទេសស្វីស សម្រាប់ឆ្នាំ២០២០នេះ បានជ្រើសរើសអ្នកផលិតភាពយន្តមកពីទូទាំងតំបន់ ដើម្បីធ្វើបទបង្ហាញពីស្នាដៃ នៅលើឆាកអន្តរជាតិ ដែលនឹងធ្វើនៅខែសីហាខាងមុខនេះ។ ក្នុងចំណោមផលតិករដែលត្រូវបានជ្រើសរើស ក៏មានវត្តមានផលិតករវ័យក្មេង មានទេពកោសល្យរបស់កម្ពុជា២រូបផងដែរ គឺកញ្ញា រិទ្ធី លំអរពេជ្រ និងលោក មុនី កណ្ណាដារង្គ។ នេះបើយោងតាមការចេញផ្សាយ ពីវេបសាយព័ត៌មាន The Hollywood Reporter។

ផលិតករ និងអ្នកដឹកនាំភាពយន្តមកពី៩ ប្រទេស ក្នុងតំបន់អាស៉ីអាគ្នេយ៍ត្រូវបានជ្រើសរើស ចូលរួមក្នុងកម្មវិធី «Open Door Lab» របស់មហោស្រពភាពយន្តអន្តរជាតិ «Locarno Film Festival 2020» រួមមាន ផលិតករមកពីប្រទេសកម្ពុជា, ឡាវ, ថៃ, វៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៉ី, មីយ៉ាន់ម៉ា, ម៉ាឡេស៉ី, និងម៉ុងហ្គោលី។

តាមរយៈកម្មវិធី «Locarno» ផលិតករដែលចូលរួមនឹងចែករំលែកគម្រោងថ្មីៗ នៃស្នាដៃផលិតរឿងរៀងៗខ្លួន ដើម្បីជាបទពិសោធន៍ និងការអភិវឌ្ឍនៃវិស័យឧស្សាហកម្មភាពយន្ត។ កាន់តែពិសេស នេះជាឱកាសដ៏ល្អមួយសម្រាប់ ផលិតករ អ្នកដឹកនាំរឿង និងអ្នកនិពន្ធល្បីៗ មកពីជុំវិញពិភពលោកបានជួបជុំគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍។ ក្នុងកម្មវិធី «Open Door Lab», ផលិតករទាំងអស់នឹងទទួលបានការហ្វឹកហាត់ ពីគំនិតច្នៃប្រឌិតថ្មីៗក្នុងវិស័យឧស្សាហ៍កម្មភាពយន្ត តាមរយៈអនឡាញ។

ងាកមកវត្តមានរបស់ កញ្ញា រិទ្ធី លំអរពេជ្រ ជាមួយនឹងលោក មុនី កណ្ណាដារង្គ ដែលនឹងចូលរួមព្រឹត្តិការណ៍ដ៏ធំនេះវិញ គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងវិស័យភាពយន្ត។ យុវជនទាំងពីររូបនេះ នឹងបង្អួតស្នាដៃកូនខ្មែរ ដែលពួកគេខិតខំធ្វើ អស់ពីសមត្ថភាពឲ្យពិភពលោកបានស្គាល់ តាមរយៈតំណាងឲ្យប្រទេស និងដើម្បីចូលរួម លើក ស្ទួយ អភិវឌ្ឍន៍ ខ្សែ ភាព យន្ត ខ្មែរ កាន់តែ រីក ចម្រើន។

ផលិតករមកពីប្រទេសកម្ពុជា២រូប កញ្ញា រិ ទ្ធី លំអរ ពេជ្រ ត្រូវបានគេដឹងថា ជាយុវតីម្នាក់ដែលមានសមត្ថភាពធ្លាប់ចូលរួមប្រកួតក្នុងមហោស្រពខ្នាតខ្លីចតុមុខ កាលពីឆ្នាំ២០១៤។ ចំណែកលោក មុនី កណ្ណា ដា រង្គ ធ្លាប់ជាផលិតករជ័យលាភីរបស់មហោស្រពខ្នាតខ្លីចតុមុខឆ្នាំ២០១៨។

គួរជម្រាបថា កម្មវិធី «Open Door Lab» របស់មហោស្រពភាពយន្តអន្តរជាតិ «Locarno Film Festival 2020» បានបង្ខំឲ្យធ្វើការរៀបចំឡើង តាមរយៈអនឡាញជំនួសវិញ ក្នុងឆ្នាំ២០២០ នេះ ដោយសារតែការរាតត្បាតជំងឺសាកលកូវីដ១៩៕