(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានក្លាយជានារីខ្មែរដំបូង ដែលទទួលបានប័ណ្ណកិត្តិយសថ្នាក់ជាតិ ពីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីនៃសាធារណរដ្ឋកូរ៉េ ។ លោកស្រី បានឲ្យដឹងពីសាធារណរដ្ឋកូរ៉េ នៅព្រឹកនេះថា ការទទួលបានប័ណ្ណសរសើរដ៏ធំនេះ គឺដោយសារកត្ដាសំខាន់ៗជាច្រើន ពិសេសតាមរយៈស្នាដៃលេងកីឡាស្នូកឃ័រដ៏ប៉ិនប្រសប់របស់លោកស្រី។

ពិធីប្រគល់ប័ណ្ណកិត្តិយសថ្នាក់ជាតិនេះ បានធ្វើឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ដែលប្រគល់ផ្ទាល់ដោយលោកស្រី អ៊ី ចង់អ៊ូក (I JIONG OG) រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៃសាធារណរដ្ឋកូរ៉េ ។ ប៉ុន្ដែមុនទទួលបានប័ណ្ណសរសើរខាងលើ កីឡាការិនីមានប្រភពពីខេត្តត្បូងឃ្មុំ ស្រួង ភាវី ក៏ធ្លាប់ត្រូវបានក្រសួងកិច្ចការនារី តែងតាំងជាប្រធានគណៈកម្មាធិការពហុវប្បធម៌ទីមួយ ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង មកទល់បច្ចុប្បន្នផងដែរ ។

លោកស្រីបានបញ្ជាក់ថា «ខ្ញុំទទួលបានបណ្ណសរសើរពីរដ្ឋមន្ដ្រីក្រសួងកិច្ចការនារីនេះ ព្រោះខ្ញុំបានរៀន និងលេងកីឡាស្នូកឃ័រ និងប៊ីយ៉ា មានឈ្មោះល្បីល្បាញនៅកូរ៉េ ហើយប្រជាជនកូរ៉េ បានស្គាល់ និងស្រលាញ់គាំទ្រខ្ញុំខ្លាំង ដោយខ្ញុំត្រូវបានចាត់ទុកជាគំរូសម្រាប់ស្ដ្រីរៀបការនៅកូរ៉េ ។ ម្យ៉ាងរាល់ការប្រកួតរបស់ខ្ញុំ ដែលបានប្រាក់រង្វាន់ ខ្ញុំតែងយកទឹកប្រាក់នោះ ទៅជួយសប្បុរសធម៌ និងជួយសង្គមផ្សេងៗ ។ ខ្ញុំបានបង្កើតព្រឹត្តិការណ៍កីឡាសប្បុរសធម៌ ហើយបានទឹកប្រាក់ឧបត្ថម្ភ ជួយដល់ស្ដ្រីរៀបការ ដែលខ្វះខាត និងក្រីក្រ ។ មួយទៀត ខ្ញុំក៏បានបង្កើតសាលារៀនសប្បុរសធម៌ ដើម្បីជួយបង្ហាត់ដល់គ្រប់ជាតិសាសន៍ទាំងអស់ ឲ្យពួកគាត់មានឱកាសលេងកីឡាដូចខ្ញុំដែរ»

នេះគឺជាមូលហេតុសំខាន់ៗ ដែលជំរុញឲ្យស្ដ្រីខ្មែរឆ្នើមខាងលើ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានប័ណ្ឌកិត្តិយសថ្នាក់ជាតិដ៏កម្រខាងលើ ។ ភាវី បន្ដថា «នេះជាលើកដំបូងហើយ ដែលខ្ញុំទទួលបានពាននេះ បន្ទាប់ពីខ្ញុំទទួលបានតំណែងជាគណៈកម្មការ នៃក្រសួងកិច្ចការនារី ។ ហើយពាននេះ គឺកម្រទទួលបានណាស់ ទាល់តែមានការបោះឆ្នោត និងការប្រឡងផ្សេងៗ ទើបអាចទទួលបាន ។ តែសម្រាប់ខ្ញុំ ពួកគាត់មើលមកឃើញលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានពាន និងតំណែងហ្នឹង ដែលជាគំរូមួយ សម្រាប់មនុស្សទូទៅ ខ្ញុំពិតជាសប្បាយចិត្តមែនទែន»

ម្ចាស់មេដាយសំរឹទ្ធពិភពលោក ឆ្នាំ២០១៨ បន្ថែមថា ក្នុងចំណោមគ្រប់ជនជាតិសាសន៍ នៅរស់នៅកូរ៉េ គឺមានតែ ២ ទៅ ៣នាក់ប៉ុណ្ណោះ ខណៈខ្លួនគឺជាជនជាតិខ្មែរដំបូង ដែលទទួលបានពាន និងតំណែងនេះ ។ ប៉ុន្ដែក្រៅពីទទួលបានប័ណ្ណសរសើរ និងតំណែង ក្នុងក្រសួងកិច្ចការនារី កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជារូបនេះ ក៏ធ្លាប់ដណ្ដើមពានថ្នាក់ជាតិជាច្រើន តាមរយៈទេពកោសល្យដ៏ឆ្នើម ក្នុងការលេងកីឡាស្នូកឃ័រផងដែរ ទោះបីនាង ជាជនជាតិខ្មែរ និងមានដើមកំណើតពីប្រទេសកម្ពុជាក៏ដោយ ។

គួរបញ្ជាក់ថា ស្រួង ភាវី បានចាប់ផ្ដើមអាជីពកីឡាការិនីស្នូកឃ័រ បន្ទាប់ពីនាងរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនជាតិកូរ៉េ ហើយរយៈពេលជិត ១០ឆ្នាំមកហើយ ដែលនាងទៅរស់នៅជាមួយស្វាមី នៅសាធារណរដ្ឋកូរ៉េ ។ ប៉ុន្ដែបន្ទាប់ពីវិវត្តន៍ក្លាយជាកីឡាការិនីជើងខ្លាំងស្នូកឃ័រលំដាប់អន្ដរជាតិ នាងមិនបានភ្លេចប្រទេសកំណើនខ្លួនឡើយ ដោយ ភាវី តែងនាំទង់ជាតិកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិជាច្រើន ហើយថែមទាំងបានលើកស្ទួយវិស័យកីឡាស្នូកឃ័រនៅកម្ពុជាទៀតផង៕