(បរទេស)៖ តារាបូលីវូដល្បីលំដាប់ពិភពលោក ដែលប្រជាជនខ្មែរនិយមគាំទ្រ និងស្គាល់ច្រើនតាមរយៈសម្តែងជាតួឯកប្រុសក្នុងរឿង «ជីវិតស្រ្តីមេផ្ទះ» លោក Sushant Singh Rajput ត្រូវបានប្រទះឃើញស្លាប់ក្នុងគេហដ្ឋានរបស់លោក ស្ថិតនៅទីក្រុងបុមបៃ នៅថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Zeenews របស់ឥណ្ឌា។
ក្រោយទទួលបានដំណឹងមរណភាពរបស់តារាបូលីវូដល្បីរូបនេះភ្លាម ប៉ូលីសបានទៅដល់ផ្ទះរបស់លោកដើម្បីធ្វើការស៉ើបអង្កេត។ ក្រោយស៉ើបអង្កេតភ្នាក់ងារប៉ូលីស បាននិយាយថា «ការស្លាប់របស់តារាល្បីលំដាប់ពិភពលោករូបនេះ ទំនងជាការធ្វើអត្តឃាត ព្រោះមិនមានវត្ថុតាងអ្វីគួរឲ្យសង្ស័យនៅកន្លែងស្លាប់របស់ Sushant Signh Rejput ឡើយ»។
ភ្នាក់ងារប៉ូលីសបាននិយាយថា តារាបូលីវូដល្បីលំដាប់ពិភពលោករូបនេះ ត្រូវបានគេនិយាយថា មានជំងឺបាក់ទឹកចិត្តក្នុងរយៈពេលពីបីខែចុងក្រោយនេះ។ Sushant បានធ្វើការផ្លាស់ ទៅនៅផ្ទះរបស់លោកនៅតំបន់ Bandra កាលពី៦ខែមុន និងបានប្រើប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួល Apartment នៅទីនោះ។
ការស្លាប់ស្ទើរនឹកស្មានមិនដល់ របស់តារាបូលីវូដ Sushant Singh Rajput បានធ្វើឲ្យទស្សនិកជនដែលគាំទ្រលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាពិសេសប្រជាជនខ្មែរគាំទ្ររូបលោក តាមរយៈដើរតួរឿង «ជីវិតស្ត្រីមេផ្ទះ» ស្ទើរនឹកស្មានមិនដល់ ថានេះជារឿងពិត៕