(ម៉ាឌ្រីដ)៖ លោក Zinedine Zidane គឺជាអ្នកចាត់ការទូទៅទី៣ របស់ក្លិបអេស្ប៉ាញ Real Madrid ដែលបានដឹកនាំឈានដល់ ២០០ប្រកួតគ្រប់កម្មវិធីទាំងអស់ បន្ទាប់ពីលោក Miguel Munoz (៦០៥) និងលោក Vicente del Bosque (២៤៦)។ នេះបេីយោងតាមការចេញផ្សាយរបស់ BBC។

Real Madrid បានបន្តយុទ្ធនាការ La Liga របស់ពួកគេ រដូវកាលនេះ ដែលជាការដឹកនាំប្រកួតលើកទី២០០ របស់អ្នកចាត់ការសញ្ជាតិបារាំង Zinedine Zidane ជាមួយនឹងការទទួលបានជ័យជម្នះ ៣-១ ទៅលើក្រុមភ្ញៀវ Eibar នៅក្នុងបរិយាកាសមិនធម្មតានារាត្រីអាទិត្យ ទី១៤ ខែមិថុនា។

ក្នុងការដឹកនាំ Real Madrid ជាលេីកទី២ នេះដែរ បុរសវ័យ ៤៥ឆ្នាំខាងលេី បានជួយក្លិបប្រចាំទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះឈ្នះជេីងឯកបាន១០ពានផងដែរ ក្នុងចំណោម ពាន UEFA Champions League ៣សម័យកាលជាប់គ្នាទៀតផង។

ស្របពេលពហុកីឡដ្ឋាន Santiago Bernabeu កំពុងត្រូវបានកែលម្អ ដូច្នេះ Real ត្រូវលេងនៅឯទឹកដី Estadio Alfredo di Stefano ដែលជាកន្លែងហ្វឹកហាត់របស់ពួកគេ សម្រាប់១១ប្រកួតដែលនៅសល់។

Toni Kroos, Sergio Ramos និង Marcelo រកបានម្នាក់ ១គ្រាប់នាំមុខ ៣-០ មុនពេលពេលរបូតតែ ១គ្រាប់វិញនៅនាទី៦០ របស់កីឡាករចាំទី ប៊ែលហ្សិក Thibaut Courtois។

ការបរាជ័យនេះដែរ បានធ្វេីឲ្យ Eibar នៅក្រៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះក្នុងចំណោម ២៨ប្រកួតនារដូវកាលឆ្នាំ២០១៩-២០២០ នេះ គ្រាដែល Real Madrid បន្តដេញតាមពីក្រោយ ក្រុមកំពូលតារាង FC Barcelona ដែលបានបំបាក់ Real Mallorca ៤-០ កាលពីថ្ងៃសៅរ៍ ពីពិន្ទុ៥៩ និង៦១៕