(អ៉ីស្តង់ប៊ូល)៖ កីឡាករចាំទី Fernando Muslera បានបាក់ជើងអំឡុងពេលដែលក្លិប Galatasaray ចាញ់ ២ ទល់នឹង ០ Rizespor ក្នុងពានរង្វាន់លីគកំពូលតួកគី Super Lig កាលពីថ្ងៃអាទិត្យយប់មិញនេះ។
តាមរយ:ព័ត៌មានពីគេហទំព័រ LiveScore បានចេញផ្សាយថា កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ ត្រូវបានប្តូរចេញនៅវគ្គទី១ នៃការបរាជ័យ បន្ទាប់ពីបានបាក់ឆ្អឹងជេីង ដែលត្រូវបានដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
Muslera បានរត់ចេញពីទីរបស់គាត់ ដើម្បីជួយសង្គ្រោះបាល់ដ៏អស្ចារ្យពីការស៊ុតរបស់កីឡាករ Milan Skoda ដែលនាំឲ្យប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ របស់សាធារណឆេកម្នាក់ទៀតរហូតដល់បាក់ជើងតែម្តងបែបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃក្លិប Galatasaray បានឲ្យដឹងថា កីឡាករ Fernando Muslera ដែលបានរងរបួសបាក់ឆ្អឹងនោះគឺត្រូវឆ្លងកាត់ការពិនិត្យនៅថ្ងៃនេះហើយ។
ការចាញ់របស់ Galatasaray បានធ្វើឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដេញតាមពីក្រោយ ៦ពិន្ទុពីក្រុម Trabzonspor និង Istanbul Basaksehir គិតត្រឹមសប្តាហ៍ទី២៧នេះក្នុងចំណោម ១៨ក្រុម៕