(ម៉ាឌ្រីដ)៖ ស្ថាប័នបាល់ទាត់លីគកំពូលអេស្ប៉ាញ LaLiga បានបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ បន្ទាប់ពីមានអ្នកគាំទ្រម្នាក់រត់ចូលទីលានប្រកួត ដើម្បីថតរូប (Selfie) ជាមួយកីឡាករ Lionel Messi របស់ក្រុម Barcelona គ្រាដែលការប្រកួតបិទទ្វារ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
អ្នកគាំទ្រដែលមានពាក់អាវអាហ្សង់ទីន ជាមួយឈ្មោះ និងលេខរបស់ Messi ផងនោះ បានបង្ហាញខ្លួននៅលើទីលាននៅដើមវគ្គទី២ នៃជ័យជម្នះ ៤-០ ទៅលើក្លិប Real Mallorca កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន។
តែយ៉ាងណា បុរសរូបនោះបានត្រឹមតែថតចម្ងាយ ២ម៉ែត្រពី Messi ប៉ុណ្ណោះ ដោយសារតែគម្លាតសង្គម ដើម្បីជៀសវាងការរីករាលដាលនៃជំងឺ Covid-19 មុនពេលត្រូវបានចាប់ខ្លួនបញ្ជូនចេញដោយបុគ្គលិកសន្តិសុខ គ្រាដែល La Liga ចាត់ទុកហេតុការណ៍នេះ «ជាសកម្មភាពព្រហ្មទណ្ឌ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃលីគកំពូលអេស្ប៉ាញដដែលបានឲ្យដឹងថា «ខ្លួនបានបង្ហាញយ៉ាងច្បាស់នូវការថ្កោលទោសចំពោះបុរសអ្នកលេង ដែលហ៊ានរត់ចូលទីលានទាំងកម្រោលបែបនេះ។ ការប្រព្រឹត្តបែបនេះ ធ្វើឱ្យសុខភាពរបស់អ្នកដទៃស្ថិតក្នុងសភាពគ្រោះថ្នាក់ និងហានិភ័យដែលធ្វើឲ្យខូចដល់ភាពសុចរិតនៃការប្រកួតទៀតផង»។
ក្រោយពីការចាប់ខ្លួន និងបញ្ជូនចេញ បុរសរូបនោះអះអាងថា គាត់បានលោតពីរបងកម្ពស់ ២ម៉ែត្រ ដើម្បីចូលទៅកាន់កីឡដ្ឋានរបស់ក្លិប Real Mallorca ដែលកំពុងប្រកួតទល់នឹងក្លិបអ្នកមានបុណ្យ FC Barcelona ក្រោយផ្អាកការប្រកួតជាង ៣ខែមកនេះ៕