(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - Hun Sen Cup ថ្នាក់ខេត្ត លើកទី១៤ បានរៀបចំពិធីចាប់ឆ្នោតបែងចែកគូប្រកួតវគ្គ ៨ក្រុមចុងក្រោយ (១/៤) រួចហើយនៅព្រឹកថ្ងៃចន្ទនេះ ខណៈការប្រកួតជើងទី១ គ្រោងនឹងធ្វើឡើងនាថ្ងៃទី៣០-មិថុនា និងថ្ងៃទី០១-កក្កដា និងជើងទី២ ប្រកួតនៅថ្ងៃទី០៧-០៨ ខែកក្កដា ឆ្នាំ២០២០។
ចំពោះលទ្ធផលចាប់ឆ្នោតវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ សម្រាប់ពានថ្នាក់ខេត្ត រួមមានខេត្តសៀមរាប ជួបខេត្តកណ្ដាល, ខេត្តព្រៃវែង ជួបខេត្តកោះកុង, ខេត្តកំពង់ស្ពឺ ជួបខេត្តត្បូងឃ្មុំ និងខេត្តកែប ជួបខេត្តកំពង់ឆ្នាំង។ ក្រុមនីមួយៗនឹងត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានថ្នាក់ខេត្ត និងដណ្ដើមកៅអីពានថ្នាក់ជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក រុន វិទូ ប្រធានគ្រប់គ្រងការប្រកួតនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ក៏បានរំឮកជាថ្មី អំពីវិធានការ ៩ចំណុច ដើម្បីការពារជំងឺកូវីដ-១៩ (Covid-19) ក្នុងដំណើរការប្រកួតឡើងវិញផងដែរ ខណៈការប្រកួត នឹងធ្វើឡើង ដោយមានអ្នកចូលរួមមិនលើសពី ១០០នាក់ និងគ្មានអ្នកទស្សនាឡើយ ។
បន្ថែមលើពីនេះ លោក រុន វិទូ ក៏បានអំពាវនាវដល់បងប្អូនអ្នកគាំទ្របន្ដចូលរួមគាំទ្រ និងលើកទឹកចិត្តតាមរយៈការទស្សនាការផ្សាយផ្ទាល់ផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន ហើយករណីមានការជូនដំណឹងពីក្រសួងសុខាភិបាល អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់វិញបានពេលណា CNCC នឹងជូនដំណឹងតាមក្រោយទៀត។
សូមបញ្ជាក់ថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ សម្រាប់ពានថ្នាក់ខេត្តគឺមាន ១៧ក្រុមចូលរួម ហើយបន្ទាប់ពីដំណើរការប្រកួត ក្រុមដែលឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្នាក់ខេត្ត ៤ក្រុម នឹងទទួលបានសិទ្ធិចូលរួមប្រកួតថ្នាក់ជាតិជាមួយក្លិបទាំង១៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២០ (ដកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី) ដែលការប្រកួតថ្នាក់ជាតិ គ្រោងនឹងចាប់ផ្ដើមនាដើមខែសីហាខាងមុខ៕