(បរទេស)៖ ការជ្រើសរើសពិសារស្រាក្រហមរួមជាមួយនឹងម្ហូបអាហារចិនអាចពុំមែនជាជម្រើសរបស់មនុស្សជាច្រើននៅលើពិភពលោក។ ប៉ុន្តែវាអាចប្រែក្លាយជាទៅជាឱជារសដ៏នឹកស្មានពុំដល់សម្រាប់លោកអ្នកបាន។
ម្ហូបអាហារចិនគឺមានភាពខុសៗគ្នា ដូច្នេះដើម្បីធ្វើការជ្រើសរើសស្វែងរកប្រភេទស្រាក្រហមដែលស័ក្តិសមទៅនឹងរសជាតិរបស់វា សម្រាប់ការទទួលទានគឺអាចនឹងមានភាពស្មុគស្មាញបន្តិច។
មុខម្ហូបចំនួន៧ មុខខាងក្រោមនេះគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ប្រិយមិត្តគួបផ្សំជាមួយនឹងដំបូន្មានមួយចំនួន ទាក់ទងទៅនឹងការជ្រើសរើសប្រភេទស្រាក្រហមផ្សេងៗឲ្យស័ក្តិសមជាមួយនឹងរសជាតិនៃម្ហូបអាហារ។
១៖ ពងរមៀលចៀន និងនំប៉ាវខ្ចប់សាច់រួមជាមួយនឹងប្រភេទស្រា Franciacorta
នោះគឺជាមុខម្ហូបដែលមានបន្លែរុំជាមួយនឹងសាច់គួបផ្សំនឹងការទទួលទានជាមួយប្រភេទស្រា Franciacorta ដែលត្រូវបានប្រើប្រាស់ការផលិតតាមបែបប្រពៃណីដូចទៅនឹងស្រាសំប៉ាញប៉ុន្តែរសជាតិរបស់វាពោរពេញទៅដោយឱជារសផ្លែឈើជាងដូចជាក្រូចឆ្មា ផ្លែប៉េសនិងឈើរីជាដើម។
«Franciacorta» មានកម្រិតជាតិអាល់កុលទាបប៉ុន្តែមានកម្រិតជាតិអាស៊ីតខ្ពស់ដែលជាការគួបផ្សំដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទមុខម្ហូបចៀននេះ។
២៖ គាវក្ដាមបំពងរួមជាមួយនឹងប្រភេទស្រា Vinho Verde
គាវក្ដាមបំពងគឺជាមុខម្ហូបទទួលបានការពេញនិយមយ៉ាងខ្លាំងដែលជាមុខម្ហូបប្រើប្រាស់សាច់ក្ដាមរួមជាមួយនឹងគ្រឿងផ្សំមួយចំនួនមានដូចជា ជី ខ្ទឹមស និងគ្រីមឈីសជាដើម។ Vinho Verde គឺជាប្រភេទស្រាដែលមានជាតិអាស៊ីតខ្ពស់រួមជាមួយនឹងរសជាតិជូររបស់ក្រូចឆ្មារនៅក្នុងនោះដែលស័ក្តិសមល្អឥតខ្ចោះជាមួយនឹងប្រភេទមុខម្ហូបបុរាណចិន នេះ។ Vinho Verde គឺប្រភេទស្រាដែលស័ក្តិសមសម្រាប់ទទួលទានជាមួយនឹងអាហារសមុទ្រទូទៅ ព្រោះជាតិអាស៊ីតដែលមាននៅក្នុងស្រា នឹងផ្ដល់នូវតុល្យភាពរវាងជាតិខ្លាញ់ពីក្នុងឈីសនិងជាតិប្រេងដែលមាននៅក្នុងមុខម្ហូប។ លើសពីនេះទៀតរសជាតិក្រូចឆ្មារអាចទ្រាំទ្របានយ៉ាងល្អចំពោះជាតិអាល់ល្យូម ដែលមាននៅក្នុងខ្ទឹមសនិងជីទៀតផង។
៣៖ បាយឆារួមជាមួយនឹងប្រភេទស្រា Lambrusco
ជាទូទៅមុខម្ហូបប្រភេទនេះមានគ្រឿងផ្សំដូចជា សាច់តៅហ៊ូ បន្លែ រីឯបាយត្រូវដាក់ឆាក្នុងខ្ទះជាមួយនឹងស៊ុតប្រេងឆា ទឹកស៊ីអ៊ីវ និង ខ្ទឹមសជាដើម។ Lambrusco គឺជាប្រភេទស្រាផ្លែឈើរសជាតិស្ត្របឺរីនិងផ្លែប៊ឺរីខ្មៅនៅក្នុងនោះ។ ដូច្នេះវាគឺជាប្រភេទស្រាដ៏ល្អបំផុតសម្រាប់គួបផ្សំជាមួយមុខម្ហូបដែលមានជាតិខ្លាញ់ ប្រៃ អមជាមួយនឹងរសជាតិជូរអែមបែបផ្លែឈើរបស់ស្រាប្រភេទនេះ។
៤៖ មាន់ប្រលាក់រួមជាមួយនឹងប្រភេទស្រា Pinot Gris
វាគឺជាមុខម្ហូបបុរាណដែលមានឱជារស ផ្អែមជូរនិងហឺរ ដោយប្រើប្រាស់គ្រឿងផ្សំដូចជា ម្ទេស ខ្ទឹមស ទឹកស៊ីអ៊ីវសណ្តែកដី ទឹកខ្មេះ និង ស្ករ។ រសជាតិ ផ្អែមជូរហឺរនៃមុខម្ហូបប្រភេទនេះហាក់បីដូចជាពុំស័ក្តិសមទទួលទានជាមួយនឹងប្រភេទស្រាក្រហមឡើយ ផ្ទុយទៅវិញប្រភេទស្រា Pinot Gris ដែលមានរសជាតិផ្អែមស្រទន់ស្ងួតបែបបុរាណប្រភពមកពីតំបន់ Alsac នៃប្រទេសបារាំង គឺអាចនឹងបំពេញចន្លោះខ្វះខាតនេះបាន។
៥៖ មីឆាបន្លែរួមជាមួយនឹងប្រភេទស្រា Pet Nat
នេះគឺជាប្រភេទមីឆាដោយប្រើប្រាស់គ្រឿងផ្សំដូចជា ខ្ទឹមបារាំង ម្ទេស ផ្សិត ខ្ញី និង ខ្ទឹមស រួមជាមួយ ទឹកខ្មេះ និង ទឹកស៊ីអ៊ីវជាដើម។ Pet Nat គឺជាពាក្យប្រើប្រាស់ខ្លីរបស់ស្រា " Pétillant Naturel" ដែលវាជាប្រភេទស្រារសជាតិជូរអាចឲ្យយើងទទួលទានបានលឿន។ ឱជារសធម្មជាតិក្រអូបស្រាលរបស់ស្រានេះនឹងធ្វើឲ្យរសជាតិ របស់បន្លែកាន់តែពិសេសជាងមុន។ លើសពីនេះទៀតជាតិអាស៊ីតនិងពពុះដែលមាននៅក្នុងស្រានឹងផ្ដល់តុល្យភាពសម្រាប់ជាតិអំបិលនិងប្រេងដែលមានក្នុងមុខម្ហូបនោះ។
៦៖ សាច់មាន់ចៀនរួមជាមួយនឹងប្រភេទស្រា Rkatsiteli
សាច់មាន់ចៀនដែលបានផ្សុំគ្រឿងមានរសជាតិផ្អែមជូរហឹរនិងជាទូទៅត្រូវគេដាក់បម្រើនៅក្នុងភោជនីយដ្ឋានចិន និងអាមេរិកខាងជើងជាដើម។ ប្រភេទស្រា Rkatsiteli គឺមានភាពងាយស្រួលសម្រាប់ការសម្របទៅនឹងរសជាតិផ្អែមនិងជូររបស់មុខម្ហូបនេះគួមផ្សំទៅនឹងកម្រិតជាតិអាស៊ីតខ្ពស់ដែលមាននៅក្នុងស្រាគឺវាស័ក្តិសមជាដៃគូដ៏ល្អឥតខ្ចោះជាមួយនឹងរសជាតិច្រើនសណ្ឋានរបស់មុខម្ហូបប្រភេទនេះ។
៧៖ សាច់ជ្រូកឆ្អឹងជំនីររួមជាមួយនឹងប្រភេទស្រា Grenache
នេះគឺជាប្រភេទសាច់ជ្រូកឆ្អឹងជំនីរប្រលាក់ជាមួយនឹងទឹកជ្រលក់រសជាតិបែបផ្អែមដែលផ្សំឡើងពី សណ្តែកសៀង ទឹកជ្រលក់ហ័រសិន ទឹកឃ្មុំ ខ្ទឹមសទឹកខ្មេះ ខ្ញី និងម្ទេស។ ស្រាក្រហម Grenache គឺជាស្រាដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុតនៅក្នុងពិភពលោក។ វាមានលក្ខណៈងាយស្រួលក្នុងការទទួលទាននិងមានតម្លៃសមរម្យ។ ប្រភេទស្រានេះផ្ដោតសំខាន់ទៅលើរសជាតិនៃដំណាំផ្លែស្ត្របឺរី ផ្លែឈើគ្រៀម និងរសជាតិផ្លែក្រូចដែលមាននៅក្នុងស្រា វាបានបន្ថែមនូវឱជារសកាន់តែឆ្ងាញ់មួយកម្រិតទៀតមកក្នុងមុខម្ហូប៕