(អង់គ្លេស)៖ រដូវកាលបាល់ទាត់របស់អង់គ្លេស Premier League នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៧ ខែមិថុនា ដោយមិនមានវត្តមានអ្នកគាំទ្រនោះទេ បន្ទាប់ពីបានផ្អាករយៈពេល៣ខែ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៥ ខែមិថុនានេះ។
ខាងក្រោមនេះគឺជាមនុស្សដែលអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋាន ព្រមទាំងពិធីសារ និងតម្រូវការសម្រាប់ក្លឹប ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត៖
* ការប្រកួតដែលនៅសល់ទាំងអស់នឹងធ្វើឡើងដោយគ្មានអ្នកគាំទ្រ។
* មានមនុស្សច្រើនបំផុត៣០០នាក់ ក្នុងនោះរួមទាំងបុគ្គលិកផ្សព្វផ្សាយ, អ្នកសរសេរអត្ថបទផ្សព្វផ្សាយ, អ្នកអត្ថាធិប្បាយ, មន្ត្រីយកការណ៍ និងមន្ត្រីផ្នែកឱសថ នឹងត្រូវអនុញ្ញាតឲ្យចូលក្នុងពហុកីឡដ្ឋាន នៅថ្ងៃប្រកួត។
* ពហុកីឡាដ្ឋាន នឹងត្រូវបែងចែកគ្នាជាតំបន់ក្រហម, ពណ៌លឿងទុំ និងតំបន់បៃតងជាមួយតំបន់ក្រហមរបស់ក្រុមនីមួយៗរួមមានកីឡាករ២០នាក់, គ្រូបង្វឹក១២នាក់ និងបុគ្គលិកពេទ្យ និងបុគ្គលិកសំខាន់៥នាក់ទៀត។
* តំបន់ពណ៌លឿងទុំ នឹងរួមមានបុគ្គលិកមិនសូវសំខាន់ ដូចជាអ្នកវិភាគជាដើម ខណៈអ្នកផ្សេងទៀត នឹងត្រូវឲ្យនៅតំបន់ពណ៌បៃតង។
* កីឡាករ នឹងត្រូវឆ្លងកាត់ការធ្វើតេស្ត រកមេរោគ COVID-19 នៅទីលានហ្វឹកហាត់របស់ពួកគេ មុនពេលធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានដើម្បីប្រកួត។
* បុគ្គលិកវេជ្ជសាស្ត្រ នឹងពាក់សម្ភារៈការពារ នៅពេលដែលព្យាបាល កីឡាករដែលរបួស។
* កីឡាករបម្រុង និងអ្នកគ្រប់គ្រង អង្គុយនៅលើកៅអី នឹងមិនត្រូវបានតម្រូវឱ្យពាក់ម៉ាស់នោះទេ ហើយកីឡាករក៏មិនចាំបាច់ពាក់ម៉ាស់ដែរ នៅពេលចូលពហុកីឡដ្ឋាន ឬបន្ទប់ផ្លាស់សំលៀកបំពាក់។
* តំបន់បច្ចេកទេស សម្រាប់អ្នកគ្រប់គ្រង នឹងត្រូវបានកំណត់រចនាសម្ព័ន្ធឡើងវិញ ដើម្បីអនុញ្ញាតឱ្យមានការឃ្លាតឆ្ងាយពីគ្នាកាន់តែច្រើន។
* ទង់បាល់ជ្រុង, ក្តារប្រកាសដូរកីឡាករ និងបាល់សម្រាប់ការប្រកួត នឹងត្រូវបាញ់សម្លាប់មេរោគមុនពេលប្រកួត។
* ក្លិបបាល់ទាត់ទាំងអស់ ត្រូវបានលើកទឹកចិត្តឲ្យធ្វើដំណើរតាមយន្តហោះ និងជៀសវាងការស្នាក់នៅក្នុងសណ្ឋាគារ មុនពេលប្រកួត។
* ក្លិបត្រូវបានគេរំពឹងថា នឹងប្រើគ្រូបង្វឹកយ៉ាងតិច៣នាក់ សម្រាប់ការធ្វើដំណើរនៅថ្ងៃប្រកួត ជាមួយអ្នកបើកបររថយន្ត ដែលបានឆ្លងកាត់ការធ្វើតេស្តិ៍រកមេរោគ COVID-19 រួចរាល់៕