(ភ្នំពេញ)៖ ពិធីចាប់ឆ្នោតបែងចែកពូលជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់យុវជនជើងឯកអាស៊ីអាយុក្រោម ១៩ឆ្នាំ(AFC U-19 Championship Uzbekistan 2020) នឹងមកដល់នាថ្ងៃទី១៨ ខែមិថុនាខាងមុខ ប៉ុន្ដែក្រុមជម្រើសជាតិ U19 របស់កម្ពុជា នឹងមិនត្រូវជួបក្រុមស្ថិតក្នុងប្រអប់ទី៣ (Pot 3) ជាមួយនោះទេ ពិសេសវៀតណាមតែម្តង តែកម្ពុជា អាចប៉ះជើងខ្លាំងមួយចំនួនដូចជាជប៉ុន កូរ៉េខាងត្បូង ឬក្រុមការពារតំណែងជើងឯកចាស់ អារ៉ាប៊ីសាអូឌីតជាដើម។

និយាយពីការចាប់ឆ្នោតនេះ កម្ពុជានឹងត្រូវជួបប្រទេសមួយក្នុងចំណោម ៤ប្រទេសដែលស្ថិតនៅប្រអប់នីមួយៗរួមមានប្រអប់ទី១ និងទី២ (Pot 1 – Pot 2) និងប្រអប់ទី៤ (Pot 4) រហូតដល់គ្រប់ ៤ប្រទេស (រួមទាំងកម្ពុជា)។ រីឯប្រអប់ទី៣ ឬ Pot 3 ដែលមាន ៤ប្រទេសនៅជាមួយគ្នារួមមានក្រុម U19 វៀតណាម ម៉ាឡេស៊ី អុីរ៉ាក់ និងក្រុមគោព្រៃជំទង់កម្ពុជា នឹងមិនត្រូវចាប់ឆ្នោតឲ្យស្ថិតក្នុងពូលជាមួយគ្នានោះទេ។

សម្រាប់ការចាប់ឆ្នោតគ្រោងនឹងធ្វើម៉ោង ៣៖៣០នាទីល្ងាច ថ្ងៃទី១៨ ខែមិថុនា នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ដែលមានមូលដ្ឋាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយពិធីដែលអ្នកគាំទ្រកំពុងទន្ទឹងរង់ចាំអ៊ុតលទ្ធផលនេះ នឹងមានផ្សាយលើបណ្ដាញសង្គមផ្លូវការរបស់ AFC រួមទាំងស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក BTV ផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទី៤ ហើយ ដែលក្រុមគោព្រៃជំទង់កម្ពុជា បានឈានដល់ជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ខាងលើ បន្ទាប់ពីក្រុម U-19 កម្ពុជា បានធ្វើការប្រកួតដ៏ស្វិតស្វាញក្នុងវគ្គជម្រុះនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ ហើយបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ២ ក្នុងពូល G មុនបូកពិន្ទុក្លាយជាក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ៥ក្រុម ដើម្បីឡើងទៅបង្គ្រប់កៅអីជុំផ្ដាច់ព្រ័ត្រវគ្គ ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើការប្រកួតនាចុងឆ្នាំនេះ៕