(បរទេស)៖ រាត្រីដ៏ធំបំផុតសម្រាប់វិស័យឧស្សាហ៍កម្មភាពយន្ត គឺព្រឹត្តិការណ៍ពានរង្វាន់ «អូស្កា» ត្រូវបានកំណត់ពេលសារជាថ្មី ដោយសារតែ ជំងឺរាតត្បាតសាកលកូវីដ១៩។ បណ្ឌិតសភាសិល្បៈ និងវិទ្យាសាស្ត្រអាមេរិក (Academy of Motion Picture Arts and Sciences) បានប្រកាសនៅថ្ងៃច័ន្ទសប្តាហ៍នេះថា កម្មវិធីអូស្កា លើកទី៩៣ នឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ តាមការកំណត់ឡើយ។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន CNN នៅថ្ងៃអង្គារ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២១។
គណៈអភិបាល នៃកម្មវិធីពានរង្វាន់ «អូស្កា» បាននិយាយថា កម្មវិធីនេះ នឹងលើកពេលទៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ជំនួសវិញ។
លោក David Rubin ប្រធានបណ្ឌិត្យសភាសិល្បៈ និងនាយកប្រតិបត្តិបណ្ឌិតសភា លោក Dawn Hudson បានចេញសេចក្តីថ្លែងការណ៍រួមថា «អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ, ភាពយន្ត គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើចំណីចក្ខុ, បំផុសគំនិត, និងកំសាន្តអារម្មណ៍ពួកយើង អំឡុងពេលស្ថិតក្នុងសភាពងងឹត...។ ពួកយើងសង្ឃឹមថា ការពន្យាពេល ដើម្បីទៅរកកាលៈទេសៈដ៏ស័ក្តិសម សម្រាប់កម្មវិធីពានរង្វាន់នេះ ហើយនឹងផ្តល់ពេលវេលាដល់ផលិតករក្នុងការបញ្ចប់ និងបញ្ចេញស្នាដៃរបស់ពួកគេ ដោយមិនមានការពិន័យ សម្រាប់អ្វីដែលលើសពីការគ្រប់គ្រងឡើយ»។
គួរជម្រាបថា ថ្មីៗនេះអ្នករៀបចំកម្មវិធី «អូស្កា» បានពង្រីកច្បាប់នៃសិទ្ធទទួលបាន សម្រាប់ពានរង្វាន់អូស្ការដូវកាល២០២១ ខណៈលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ពានរង្វាន់ គឺខ្សែភាពយន្តត្រូវតែបញ្ចេញនៅចន្លោះ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ និង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។ សម្រាប់លក្ខណៈអន្តរជាតិ និងគំនូរជីវចល ព្រមទាំងភាពយន្តឯកសារ, ភាពយន្តខ្នាតខ្លី និងដល់ពេលកំណត់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ហើយការដាក់ស្នើ សម្រាប់រូបភាពល្អបំផុត និងបទចម្រៀង, ការបញ្ចូលទូទៅផ្សេងទៀត គឺដល់ពេលកំណត់ នៅថ្ងៃទី១៥ ខែមករាឆ្នាំ ២០២១៕