(ក្រុងឡុងដ៍)៖ លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសបានសារភាពថា លោកមិនបានដឹងអំពីយុទ្ធនាការរបស់កីឡាករបាល់ទាត់ Marcus Rashford ដើម្បីបន្តផ្តល់ស្បៀងអាហារសម្រាប់កុមារនានា ដែលងាយរងគ្រោះរហូតដល់ថ្ងៃដែលរាជរដ្ឋាភិបាលចក្រភពអង់គ្លេសប្រកាសពីកម្មវិធី U-turn (ចូលរៀនវិញ)។
តាមរយៈព័ត៌មានពីគេហទំព័រ Live Score បានចេញផ្សាយថា ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United និងក្រុមជម្រើសជាតិអង់គ្លេសផងនោះ បានសរសេរលិខិតទៅកាន់សមាជិកសភាអង់គ្លេសកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយទទូចដល់រដ្ឋាភិបាលកុំឲ្យបញ្ឈប់ការផ្តល់អាហារដោយឥតគិតថ្លៃ ដល់កុមារដែលជួបការលំបាកប្រមាណ ១,៣លាននាក់ចាប់ពីខែក្រោយនេះ។
គួរបញ្ជាក់ផងថា កម្មវិធីស្បៀងអាហារដោយឥតគិតថ្លៃ គឺដំណើរការតែក្នុងអំឡុងពេលឈប់សម្រាកប៉ុណ្ណោះ ប៉ុន្តែត្រូវបានប្រើក្នុងថ្ងៃឈប់សម្រាកក្នុងថ្ងៃបុណ្យអ៊ីស្ទើរ (Easter holiday) ផងដែរ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។
យុទ្ធនាការរបស់ Rashford មានការគាំទ្រយ៉ាងពេញទំហឹងគិតត្រឹមថ្ងៃអង្គារម្សិលមិញ គ្រាដែលរដ្ឋាភិបាលអង់គ្លេសក៏បានប្រកាសមូលនិធិស្បៀងអាហាររដូវក្តៅរយៈពេល ៦សប្តាហ៍ទៅមុខទៀត ក្នុងទំហំទឹកប្រាក់ ១៥០លានដុល្លារ។
ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់រដ្ឋាភិបាល Johnson បានឲ្យថា «ខ្ញុំបាននិយាយជាមួយលោក Rashford នៅថ្ងៃនេះ និងអបអរសាទរគាត់ចំពោះយុទ្ធនាការនេះដោយស្មោះត្រង់។ ខ្ញុំទើបតែដឹងខ្លួនថ្ងៃនេះ ខ្ញុំអរគុណគាត់ចំពោះអ្វីដែលគាត់បានធ្វើ និងដោះស្រាយលើបញ្ហានេះ»។
បន្ថែមលើនេះ Rashford ក៏មានគម្រោងឧបត្ថម្ភដល់កម្មវិធីសប្បុរសធម៌ FareShare ដែលមានអាហាររហូតដល់ ៣លានកញ្ចប់នៅចុងខែមិថុនានេះដែរ ដោយយុទ្ធនាការរបស់គាត់នេះគឺ «មិនជាប់ពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយនោះទេ»៕