(ក្រុងរ៉ូម)៖ លោក Maurizio Sarri អ្នកចាត់ការទូទៅនៃក្លិបសេះបង្កង់ Juventus បានទទួលស្គាល់ថា Napoli ជាដៃគូដ៏ស័ក្តិសមរបស់សេះបង្កង់ក្នុងការប្រជែងយកពានលំដាប់ទី២ Coppa Italia ឆ្នាំ២០២០ របស់អ៊ីតាលីនៅរាត្រីនេះ។
លោក Sarri បានថ្លែងក្នុងសនិ្នសីទមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រទល់នឹង Napoli នាថ្ងៃអង្គារ ទី១៦ ខែមិថុនាថា «Napoli
ជាក្រុមមួយដ៏លំបាកក្នុងប្រឈមមុខដាក់គ្នា។ ពួកគេជាក្រុមមួយដែលពោរពេញដោយសមត្ថភាព និងគ្រោះថ្នាក់។ ពួកគេធ្លាប់យកឈ្នះយើង ឈ្នះ Inter និងស្មើទល់នឹង FC Barcelona ទៀត។ ពួកគេពិតជាលេងដល់កម្រិតកំពូលមែន!»។
លោក Sarri ដែលធ្លាប់ដឹកនាំក្រុមពពកស Napoli នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ នោះ ក៏បានទទួលស្គាល់ពីទម្រង់លេងឡើងជើងក្រោមការបង្វឹករបស់លោក Gennaro Gattuso ដែលចាញ់តែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតចុងក្រោយនេះគ្រប់កម្មវិធី និងបានកំពុងព្យាយាមឈ្នះពាន Coppa Italia នេះម្តងទៀតផងដែរ គិតចាប់តាំងពីបានឈ្នះចុងក្រោយនាឆ្នាំ២០១៤ គ្រាដែល Juventus នៅសល់យុទ្ធនាការ Serie A និង UEFA Champions League។
គួរបញ្ជាក់ផងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Coppa Italia 2020 រវាង Juventus ទល់នឹង Napoli នឹងធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Rome វេលាម៉ោង ២៖០០នាទីឈានចូលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)៕