(កំពង់ឆ្នាំង)៖ មុត ខ្លឹមខ្មៅ អាយុ២៧ឆ្នាំ ជាកីឡាករប្រដាល់ម្នាក់ ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានស្រុកកំណើតនៅឯស្រុកបវេល ខេត្តបាត់ដំបង ហើយបច្ចុប្បន្នលោក បានមករស់នៅជាមួយនឹងភរិយា ព្រមទាំងកូនប្រុសស្រីពីរនាក់របស់លោក ក្នុងភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជួបជាមួយនឹងភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មុត ខ្លឹមខ្មៅ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី១៤ ខែមិថុនា កន្លងទៅនេះ លោកត្រូវបានឡើងប្រកួតប្រដាល់នៅលើសង្វៀន របស់ស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់។
តែអ្វីដែលបានធ្វើឲ្យរូបលោកក្តុកក្តួល នៅក្នុងអារម្មណ៍របស់លោកនោះ គឺនៅមុនពេលប្រកួត៥នាទី លោកបានទទួលដំណឹងពីភរិយារបស់លោក ដែលកំពុងនៅថែទាំជំងឺកូនទាំងពីរនាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានឃើញរូបភាពកូនរបស់លោក ដែលប្រពន្ធលោកបានឆាតរូបកូនទាំងពីរនាក់ ដែលកំពុងតែមានអាការប្រកាច់ស្លឈាមដោយជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ពេលនោះហើយបានធ្វើឲ្យអារម្មណ៍របស់លោកពុំនឹងហ្ន វិលវល់ ដោយធ្វើឲ្យលោកមានអាការៈទន់ដៃទន់ជើងស្ទើរតែដោះហ្កង់ចេញពីរដៃ ហើយឡើងជិះរថយន្តតាក់ស៊ី ទៅមើលកូននៅឯមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំងភ្លាមៗ ដោយបោះបង់ការប្រកួតនេះចោល តែក៏មានចិត្តមួយបានមកដាស់សតិរបស់លោក ឲ្យមានការប្រឹងប្រែង រឹងប៉ឹង និងអត់ធ្មត់ ទប់អារម្មណ៍ ដោយទុកកូននៅមួយឡែកសិន ហើយត្រូវតែឡើងវាយជាមួយគូប្រកួតដើម្បីដណ្ដើមយកជ័យជម្នះ ប្តូរយកប្រាក់ទៅមើលជំងឺកូននៅឯមន្ទីរពេទ្យ។
ដោយសារតែកូនទាំងពីរ ដែលជាទីស្រឡាញ់ស្មើជីវិតនេះហើយ ទើបធ្វើឲ្យលោកទទួលបានជ័យជម្នះពីគូរប្រកួតនៅទឹកទី២ រហូតទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែម នៅក្នុងលក្ខខណ្ឌការប្រកួត ដែលធ្វើឲ្យគូប្រកួតបោះបង់ការប្រកួតនៅទឹកទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន១០០ដុល្លារ ដូច្នេះក្នុងថ្ងៃប្រកួត លោកទទួលបានប្រាក់សរុប៥០០ដុល្លារ។ បន្ទាប់ពីចប់ការ ប្រកួតភ្លាមលោកក៏បានម្នីម្នា ឡើងរថយន្តតាក់ស៊ីមកមើលកូនទាំងយប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។
លោកវេជ្ជបណ្ឌិតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ២០២០នេះ ចាប់តាំងពីសប្តាហ៍ទី១ មកដល់សប្ដាហ៍ទី២២ កុមាកើតជំងឺគ្រុនឈាមមានចំនួ៤៤នាក់ ដែលបានមកទទួលសេវាព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
មកដល់ថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២០ បានជាសះស្បើយចំនួន ៤០នាក់នៅសល់បួននាក់ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនៅឡើយ។ ដោយឡែក កូនប្រុសស្រីទាំងពីរ នាក់របស់ ខ្លឹមខ្មៅ ដែលជាកីឡាករប្រដាល់ មកដល់ពេលនេះកូនប្រុសច្បងបានជាសះស្បើយហើយ នៅតែកូនស្រីប្អូនដែលកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ នៅឡើយតែក៏អាចជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ដោយសារតែរដូវនេះជារដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ បង្កើតឲ្យមានមូសខ្លា និងផ្ដើមបង្កឲ្យមានជំងឺគ្រុនឈាមបានចាប់ផ្ដើមរាតត្បាត ពិសេសកើតទៅលើ កុមារតូចៗ ដែលងាយរងគ្រោះចំពោះជំងឺដ៏កាចសាហាវមួយនេះ ដូច្នេះលោកក៏សូមអំពាវនាវដល់ប្រជាកសិករនៅតាមសហគមន៍ទីជនបទទាំងអស់ សូមធ្វើអនាម័យនៅជុំវិញផ្ទះឱ្យបានស្អាតជានិច្ច ជាពិសេសចំពោះសម្ភារដែលងាយនិងដក់ទឹក ដែលធ្វើឲ្យក្លាយជាជម្រកមូសខ្លា ដូចជា សំបកកង់ឡាន សំបកកំប៉ុង សំបកពាងបែកចាស់ៗ ថ្លុកទឹក ។ល។ ដែលនៅក្បែរលំនៅដ្ឋានរបស់បងប្អូន ត្រូវតែសម្អាតឱ្យបានស្អាតជាប់ជានិច្ច ជាពិសេសចំពោះកុមារតូចៗត្រូវតែរកសំលៀកបំពាក់វែងៗ ដូចជា ខោជើងវែងអាវដៃវែង ពាក់ឲ្យជាប់ជាប្រចាំ ចៀសវាងកុំឱ្យមូសខ្លាខាំ ដែលនាំឲ្យកើតជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋទាំងអស់ឲ្យជ្រាបដែរថា នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ចំពោះការព្យាបាលជំងឺគ្រុនឈាមខាងមន្ទីរពេទ្យ មិនយកថ្លៃសេវាព្យាបាលពីបងប្អូនប្រជាពល រដ្ឋនោះឡើយ៕