(ភ្នំពេញ)៖ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ អាចនឹងត្រូវដុះស្មៅទុកចោលនាថ្ងៃក្រោយ ប្រសិនបើគ្មានកីឡាករល្អ ឬយុវជនបន្ដវេន។ ហេតុនេះ លោកបានជំរុញគ្រប់បណ្ដាក្លិបចូលរួមខិតខំអភិវឌ្ឍបាល់ទាត់យុវជន ដើម្បីអនាគតដ៏យូរអង្វែងនៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
ប្រមុខបាល់ទាត់កម្ពុជាខាងលើបញ្ជាក់ថា ការអភិវឌ្ឍបាល់ទាត់យុវជន ដើម្បីជាកាតព្វកិច្ចរបស់ក្លិប ហើយស្របតាមលក្ខខណ្ឌរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) គឺជារឿងមួយ តែសំខាន់បំផុត គឺដើម្បីខ្លួនឯង ដើម្បីកម្ពុជាសម្បូរកីឡាករល្អ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ផង និងក្រោយឆ្នាំ២០២៣ ផង។
លោកបន្ដថា «នេះគឺជាលក្ខខណ្ឌដែលតម្រូវ ហើយយើងត្រូវតែធ្វើ ហើយឆ្នាំនេះ យើងបានចាប់ផ្ដើម ពីព្រោះម្យ៉ាងដើម្បីខ្លួនយើងផង។ រឿង AFC រឿង FIFA ជារឿងមួយ ប៉ុន្ដែមុនគេបំផុត កម្ពុជាធ្វើម៉េចឲ្យសម្បូរកីឡាករ ដើម្បីយើងរើសបានកីឡាករល្អ សម្រាប់ការប្រកួត មិនមែនត្រឹមតែឆ្នាំ២០២៣ ទេ ក្រោយឆ្នាំ២០២៣ ទៀត គឺតវែងឆ្ងាយទៅមុខទៀត ព្រោះយើងបានដឹងហើយថា រាជរដ្ឋាភិបាលបានចំណាយធនធានច្រើនណាស់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្ដែងគឺពហុកីឡដ្ឋានជាតិមរតកតេជោ»។
លោកសង្កត់ធ្ងន់ថា «ចឹងបើយើងអត់មានកីឡាករល្អទេ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អរបស់យើងនេះ (ពហុកីឡដ្ឋានជាតិមរតកតេជោ) គឺនឹងដុះស្មៅចោលថ្ងៃក្រោយ។ ចឹងយើងត្រូវធ្វើនេះ មិនមែនសម្រាប់តែឆ្នាំ២០២៣ ទេ តែក្រោយឆ្នាំ២០២៣ ទៀត។ ចឹងការអភិវឌ្ឍន៍បាល់ទាត់យុវជន ដែលក្លិបនីមួយៗត្រូវមានកាតព្វកិច្ច ហើយសហព័ន្ធក៏ត្រូវផ្ដល់ការគាំទ្រជូនផ្នែកមូលនិធិ និងរៀបចំព្រឹត្តិការណ៍ការប្រកួត ដើម្បីអភិវឌ្ឍយុវជនដែរ»។
ដោយហេតុនេះ លោក សៅ សុខា បានជំរុញក្លិបជាសមាជិកចូលរួមបណ្ដុះបណ្ដាលយុវជនថ្នាល ដោយអនុវត្តតាមក្បួនខ្នាត និងលក្ខខណ្ឌ ហើយមានរចនាសម្ព័ន្ធតាមត្រឹមត្រូវ តាមការចាត់តាំងរបស់អង្គការបាល់ទាត់ធំៗទាំង៣ គឺ FIFA, AFC និង AFF ដើម្បីទទួលបានអាជ្ញាបណ្ណក្លិប និងចូលរួមព្រឹត្តិការណ៍ប្រលួត ដែលរៀបចំដោយស្ថាប័នអាណាព្យាបាលទាំង ៣ផង និងចូលរួមកសាងធនធានកីឡាករបាល់ទាត់កម្ពុជាសម្រាប់ថ្ងៃអនាគតផង៕