(ក្រុងរ៉ូម)៖ ក្រុមបាល់ទាត់ពពកស Napoli បានរក្សាភាពខ្លាំងរបស់ខ្លួន ដើម្បីដណ្តើមបានពានរង្វាន់ Coppa Italia 2020 លើកដំបូង ក្នុងរយៈពេល ៦រដូវកាលចុងក្រោយនេះ តាមរយៈការផ្តួលក្រុមសេះបង្កង់ Juventus ៤-២ ក្នុងការស៊ុតបាល់ប៉េណាល់ទី ១១ម៉្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះ។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយថា ការទាត់បាល់ប៉េណាល់ទី១១មែត្រកើតមានឡើង បន្ទាប់ពីក្រុមមកពី Serie A ទាំងពីរបានបញ្ចប់ដោយលទ្ធផល 0-0 ក្នុងរយៈពេល៩០នាទី ពុំមានការថែមម៉ោង១៥នាទី ២ដងឡើយក្នុងការលេងបិទទ្វារកីឡដ្ឋាន Stadio Olimpico ដែលស្ថិតក្នុងទីក្រុង Rome ប្រទេសអ៉ីតាលី។
ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្តីនេះដែរ ក្រុមរបស់លោក Maurizio Sarri ធ្វើសម្រេចបានតែ២គ្រាប់ប៉ុណ្ណោះ គ្រាដែលកូនក្រុមលោក Gennaro Gattuso ទាត់ចូល៤គ្រាប់ ដើម្បីឈ្នះពានរង្វាន់ធំលើកដំបូងរបស់គាត់ (Gattuso) ក្នុងនាមជាអ្នកចាត់ការផងដែរ។
គួរបញ្ជាក់ផងថា Napoli បច្ចុប្បន្នកំពុងឈរនៅលេខ៦ ក្នុងតារាង Serie A ខណ:ក្រុមការពារជើងឯក Juventus មិនហ៊ានធានានូវការឈ្នះជើងឯកជាប់គ្នាលើកទី៩ ដោយសារតែពួកគេបាននាំមុខក្រុមលេខ២ Lazio តែ ១ពិន្ទុពីពិន្ទុសរុប៦៣ និង ៦២ពិន្ទុគិតត្រឹម ២៦សប្តាហ៍ដូចគ្នា៕