(ហ្ស៊ូរិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសពីការលេងបញ្ចប់ព្រឹត្តិការណ៍ Champions League រដូវកាលឆ្នាំ២០១៩-២០២០ ដោយប្រើពេលត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះចាប់ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយ រហូតដល់ផ្តាច់ព្រ័ត្រដណ្តើមពានតែម្តង។
តាមរយៈព័ត៌មានពី BBC របស់អង់គ្លេសបានចេញផ្សាយថា សេចក្តីសម្រេចចុងក្រោយនេះត្រូវបានធ្វើឡើង បន្ទាប់ពី UEFA បានធ្វើកោះប្រជុំពិភាក្សាគ្នាម្តងហើយម្តងទៀត ដើម្បីរកច្រកចេញ ក៏ដូចជាទីលានប្រកួតផងដែរ ដែលសម្រេចធ្វើឡើងតែ ១ប្រកួត (១ជើង) នៅទឹកដីកណ្តាលចាប់តាំងពីវគ្គ ៨ក្រុមចុងក្រោយមក។
កីឡដ្ឋាន Estadio da Luiz របស់ក្លិបអាជីព Benfica នៃប្រទេសព័រទុយហ្គាល់ ជាទីកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នារដូវកាលនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ គ្រាដែលកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Istanbul នៃប្រទេសតួកគីដែលត្រៀមធ្វើម្ចាស់ផ្ទះផ្តាច់ព្រ័ត្រឆ្នាំនេះ ត្រូវលើកទៅធ្វើសម្រាប់ឆ្នាំ២០២១ វិញ។
គួរបញ្ជាក់ផងថា សម្រាប់វគ្គ ១៦ក្រុមចុងក្រោយដែលនៅសល់រវាង Real Madrid ប៉ះ Manchester City, Juventus ប៉ះ Lyon, Bayern Munich ប៉ះ Chelsea និង FC Barcelona ប៉ះ Napoli នោះ នឹងបន្តធ្វើឡើងនៅទឹកដីរបស់ពួកគេដដែលនៅថ្ងៃទី០៧-០៨ ខែសីហា មុនពេលហោះទៅព័រទុយហ្គាល់ ប្រកួតក្នុងវគ្គ ៨ក្រុមតទៅ។
សម្រាប់វគ្គ ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១២-១៥, វគ្គ ៤ក្រុមចុងក្រោយធ្វើនៅថ្ងៃទី១៨-១៩ និងវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០៕