(អឺរ៉ុប)៖ តាមពិតទៅអង្គការអវកាសអឺរ៉ុប ESA មានយានមួយគ្រឿងរួចទៅហើយ ដើម្បីត្រៀមបាញ់បញ្ចូនទៅភពអង្គារនៅឆ្នាំ២០២២ ដោយសហការជាមួយរុស្ស៊ីមានឈ្មោះថា ExoMars។ ប៉ុន្តែវាមិនថ្វីនោះទេ ព្រោះសល់ពេលច្រើនឆ្នាំទៀតដែរ ដូច្នេះពេលនេះអឺរ៉ុបកំពុងសិក្សា និងផលិតរ៉ូបូតថែម ១គ្រឿងទៀត ដែលអាចនឹងត្រូវ បាញ់បញ្ជូនទៅភពអង្គារនៅឆ្នាំ២០២៦ ស្ថិតក្នុងបេសកកម្មឈ្មោះ B2។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។
យានរ៉ូបូតថ្មីនេះមានឈ្មោះថា Fetch ដែលមានតួនាទីក្នុងការចល័ត និងជីកយកដុំថ្មពីភពអង្គារ រួចបាញ់បញ្ជូនវាត្រឡប់មកកាន់ភពផែនដីវិញ ឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវ។ ESA បានប្រគល់គំរោងនេះ ទៅឲ្យក្រុមហ៊ុនអវកាស Airbus នៅអង់គ្លេស ធ្វើការសិក្សាដើម្បីឲ្យផែនការ B2 ក្នុងការផលិត រ៉ូបូត Fetch អាចប្រព្រឹត្តទៅបាន។
គំរោងនាំយកដុំថ្មីពីភពអង្គារ ត្រឡប់មកកាន់ភពផែនដីនេះ គឺមិនមែនអឺរ៉ុបធ្វើតែឯងនោះឡើយ ដោយអង្គការ NASA របស់អាមេរិកទៅវិញទេ ដែលជាអ្នកដឹកនាំផែនការនេះ ជាមួយដៃគូអឺរ៉ុប។ អង្គការ NASA នឹងបាញ់បង្ហោះយានថ្មីឈ្មោះ Perseverance ទៅកាន់ភពអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ នេះតែម្តង ដើម្បីបង្កើនការស្រាវជ្រាវលើភពអង្គារ និងសម្រួលដល់ការបាញ់បញ្ជូនដុំថ្មនៅភពអង្គារ ត្រឡប់មកផែនដីវិញនៅប៉ុន្មានឆ្នាំបន្ទាប់ មិនមែនភ្លាមៗក្រោយវាទៅដល់នោះទេ។
គួរបញ្ជាក់ថា សម្រាប់ដំណើរការជារួមវិញនោះ គឺយាន Perseverance របស់អង្គការ NASA មានឧបករណ៍សម្រាប់ជីកយកដុំថ្ម ដែលមានសក្តានុពលណាមួយ រួចដាក់បញ្ចូលទៅក្នុងឧបករណ៍ផ្ទុក និងទម្លាក់វានៅលើដីភពអង្គារ។ បន្ទាប់មកទៀតរ៉ូបូត Fetch មានតួនាទីក្នុងការចល័តទៅយកឧបករណ៍ផ្ទុកដុំថ្មភពអង្គារនោះ ហើយដឹកនាំវាទៅដាក់ភ្ជាប់ជាមួយតួខ្លួនគ្រាប់រ៉ុក្កែត។ ក្រោយមករ៉ុក្កែតនឹងត្រូវបាញ់ចេញពីផ្ទៃភពអង្គារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រួចវានឹងហោះសំដៅទៅកាន់ផ្កាយរណបមួយ ដែលកំពុងត្រៀមចាំផ្ទេរទំនិញរួចជាស្រេច នៅក្នុងគន្លងគោចរភពអង្គារ ហើយទើបផ្កាយរណបនោះ ដឹកនាំយកវាមកកាន់ភពផែនដី៕