(ម៉ាឌ្រីដ)៖ តាមរយៈជ័យជម្នះ ៥-០ ទៅលើក្រុមម្ចាស់ផ្ទះ Osasuna បានធ្វើឲ្យ Atletico Madrid រំកិលឡើងទៅឈរ លេខរៀងទី៤ បណ្តោះអាសន្នវិញក្នុងតារាង LaLiga គិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ ជាមួយនឹង ៤៩ពិន្ទុផងដែរ។
តាមរយៈព័ត៌មានពី Channel News Asia បានចេញផ្សាយថា ៣ពិន្ទុស្រួលៗក្រៅដីនៅរាត្រីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ បានធ្វើឲ្យ Atletico លោតឡើងទៅកាន់តំបន់កៅអី UEFA Champions League វិញ តែបន្តដេញតាមពីក្រោយក្រុមកំពូលតារាង FC Barcelona ១៥ពិន្ទុ និងក្រុមលេខ២ Real Madrid ចំនួន ១០ពិន្ទុ តែនៅចាញ់ក្រុមលេខ៣ Sevilla តែ ២ពិន្ទុទៀតប៉ុណ្ណោះ។
នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមដែលដឹកនាំដោយអ្នកចាត់ការទូទៅសញ្ជាតិអាហ្សង់ទីន Diego Simeone ក្នុងចំណោម ២ប្រកួតនាពេលថ្មីៗនេះ ក្រោយសម្រាកជិត ១០០ថ្ងៃមកនេះ ដោយសារវិបត្តិជំងឺ Covid-19 បានរីករាលដាលទូទាំងសកលលោក។
កីឡាករខ្សែប្រយុទ្ធវ័យក្មេង Joao Felix រកបាន ២គ្រាប់ម្នាក់ឯងពី ១ប្រកួតដំបូងរបស់គេ បន្ទាប់ពីជាសះស្បើយពី របួស ដែលជាការធ្វើបាននៅនាទីទី២៧ និងនាទីទី៥៦ មុនពេល Marcos Liorente, Alvaro Morata និង Yannick Carrasco រកបានម្នាក់ ១គ្រាប់ដូចគ្នានៅចុងវគ្គទី២ ដើម្បីពន្លិច Osasuna ទៅឈរនៅក្រៅតំបន់កាត់ចោលតែ ១០ពិន្ទុ ក្នុងចំណោមនៅសល់ ៩ប្រកួតទៀតនឹងបិទរដូវកាល៕