(ស្វាយរៀង)៖ ពានរង្វាន់បាល់ទាត់ស្វាយរៀងខាប់ ឆ្នាំ២០២០ នៅក្នុងសប្តាហ៍នេះ មានការប្រកួតចំនួន១២គូរ ដោយធ្វើការប្រកួតពីថ្ងៃទី១៨-២១ ឆ្នាំ២០២០ ក្នុងមួយថ្ងៃប្រកួតចំនួន៣គូរ ពេលព្រឹកចំនួន០១គូរ និងពេលរសៀលចំនួន០២គូរ នៅទីលានវិទ្យាល័យស្វាយរៀង។

សូមបញ្ជាក់ថា ការចាប់ផ្តើមដំណើរការប្រកួតពានរង្វាន់ស្វាយរៀងខាប់ ឆ្នាំ២០២០ ឡើងវិញនេះ គឺក្រោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យការប្រកួតកីឡាដំណើរការជាជំហានៗ ដោយការប្រកួតស្វាយរៀងខាប់ ត្រូវអនុវត្តន៍តាមនីតិវិធីការពារសុវត្ថិភាពពីជំងឺកូវីដ១៩ ដូចជា៖

*ការរក្សាគម្លាត
*ការវាស់កំដៅ
*បាញ់អាល់កុល ចំពោះកីឡាករ និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ មុនចូលបរិវេណទីលានប្រកួត
*មិនអនុញ្ញាតឲ្យទស្សនិកជនចូលទស្សនា
*នៅក្នុងបរិវេណទីលានប្រកួតមិនឲ្យមានមនុស្សលើសពី៨០នាក់។

គួរំលឹងផងដែរថា ពានរង្វាន់ស្វាយរៀងខាប់ ត្រូវបានបង្កើតឡើងបាន៥រដូវកាល ចាបពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ដោយមានការផ្តួចផ្តើមពីសំណាក់លោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។

ការរៀបចំពានរង្វាន់ស្វាយរៀងខាប់នេះឡើង ក្នុងគោលបំណងបង្កើតឲ្យមានសកម្មភាពកីឡាដើម្បីជាប្រយោជន៍ដល់យុវជន មហាជន ក៏ដូចជា ប្រជាពលរដ្ឋក្នុងខេត្ត មានឱកាសចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ៕