(បាសេឡូណា)៖ គ្រូបង្វឹករបស់ក្រុម Barcelona លោក Quique Setien និយាយថា UEFA គួរតែអនុញ្ញាតឲ្យក្រុមរបស់លោកលេងជើងទី២ នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ Champions League ជាមួយ Napoli នៅកីឡដ្ឋាន Camp Nou ជាជាងលេងនៅទីក្រុង Lisbon ដេីម្បីផ្តល់ភាពយុត្តិធម៌។
គួររំលឹកថា Barca របស់េអេស្ប៉ាញបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ទល់នឹងក្រុមអ៉ីតាលី Napoli នៅឯកីឡដ្ឋាន San Paolo កាលជេីងទី១ មុនពេលការប្រកួតជើងទី២ ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺ COVID-១៩។
UEFA បានប្រកាសនៅថ្ងៃពុធថា សហព័ន្ធនឹងរៀបចំការប្រកួតវគ្គ ៨ចុងក្រោយនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់នាខែសីហា ដើម្បីបញ្ចប់ព្រឹត្តិការណ៍ Champions League រដូវកាលនេះ ក៏ប៉ុន្តែមិនទាន់សម្រេចថាតើការប្រកួតនៅសល់វគ្គ ១៦ក្រុមចុងក្រោយនឹងប្រព្រឹត្តទៅនៅទីណាទេ។
ដូចគ្នានោះដែរក្រុម Manchester City នៅតែត្រូវការធ្វើជាម្ចាស់ផ្ទះ ដេីម្បីទទួលក្រុម Real Madrid ខណៈការប្រកួតរបស់ក្រុម Bayern Munich ជាមួយក្រុមតោខៀវ Chelsea និង Olympique Lyonnais ជាមួយក្រុម Juventus ក៏ចាំបាច់ត្រូវលេងក្នុងទឹកដីរបស់ពួកគេដែរ ដោយ UEFA បង្ហេីបថា ទីលាននឹងត្រូវបានបង្ហាញមុនការចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី១០ ខែកក្កដា។
មុនពេលដំណើរការប្រកួត LaLiga វិញលោក Setien បាននិយាយថា ខ្ញុំចង់លេងវគ្គនេះនៅក្នុងពហុកីឡដ្ឋានរបស់យើងពីព្រោះប្រសិនបើយើងមិនផ្តល់គុណប្រយោជន៍ដល់គូប្រកួតរបស់យើងដែលបានលេងជើងទី១ នៅក្នុងពហុកីឡដ្ឋានរបស់ពួកគេ និងមានអ្នកគាំទ្រជាច្រើនកំពុងស្រែកហ៊ោនោះទេ។
គ្រូបង្វឹករូបនេះ ក៏បានបញ្ជាក់ផងដែរថា គាត់ក៏ប្រឆាំងទៅនឹងគំនិតនៃការលេងវគ្គ ៨ក្រុមចុងក្រោយតែ ១ប្រកួតនៅទឹកដីកណ្តាលផងដែរ៕