(ម៉ាឌ្រីដ)៖ អធិរាជស Real Madrid បានបំបាក់គូប្រជែង Valencia ក្នុងលទ្ធផល ៣-០ ដែលជ័យជម្នះ ២ប្រកួតជាប់គ្នា ក្រោយពេល LaLiga ត្រឡប់មកវិញ ដោយក្នុងនោះមាន ២គ្រាប់ធ្វើបានសម្រេចដោយកីឡាករបារាំង Karim Benzema ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ផងនោះ ក៏បានយកឈ្នះ Eibar ៣-១ មុនមកបំបាក់ Valencia ៣-០ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ ដើម្បីបន្តដេញតាមពីក្រោយក្រុមកំពូលតារាង FC Barcelona របស់កីឡាករ Lionel Messi ត្រឹម ២ពិន្ទុដដែល គិតត្រឹមសប្តាហ៍ទី២៩ ជើងទី២ នេះ។
តែយ៉ាងណា កីឡាករខ្សែប្រយុទ្ធពាក់លេខ៩ ដែលជម្រើសជាតិមាន់គកបារាំងលែងត្រូវការគិតចាប់តាំងពីឆ្នាំ២០១៤ មក Karim Benzema រកបាន ២គ្រាប់ម្នាក់ឯងនៅនាទីទី៦១ និងនាទីទី៨៦ ដែលធ្វើឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះកើន គ្រាប់ស៊ុតបានដល់ ២៤៣គ្រាប់គ្រប់កម្មវិធីប្រកួតឲ្យ Real Madrid ឈរនៅចំណាត់ថ្នាក់លេខ៥ បន្ទាប់ពី Santillana (២៩០គ្រាប់), Alfredo Di Stefano (៣០៨គ្រាប់), Raul (៣២៣គ្រាប់) និង Cristiano Ronaldo រកបាន ៤៥០គ្រាប់ច្រើនជាងគេ។
៣ពិន្ទុស្រួលៗក្នុងដីនេះដែរ បានធ្វើឲ្យ Real Madrid បន្តឈរនៅលេខរៀងទី២ ក្នុងតារាង LaLiga ដដែលពីការលេង បិទទ្វារកីឡដ្ឋានរហូតដល់ចប់កម្មវិធី និងត្រូវប៉ះម្ចាស់ផ្ទះ Real Sociedad នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ គ្រាប់ដែល ក្រុមការពារជើងឯក FC Barcelona ត្រូវប៉ះម្ចាស់ផ្ទះ Sevilla នៅរាត្រីថ្ងៃសៅរ៍៕