(សៀងហៃ)៖ សមាគមបាល់បោះចិន (CBA) បានចាប់ផ្តើមឡើងវិញ នូវលីគប្រកួតរបស់ខ្លួន នាថ្ងៃសៅរ៍ នៅពីក្រោយការបិទទ្វារ (មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួម) បន្ទាប់ពីបានផ្អាករយៈពេល៥ខែ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមិថុនានេះ។
មានភាពស្ងៀមស្ងាត់មួយភ្លេត មុនពេលចាប់ផ្តើមប្រកួត ដែលធ្វើឡើងនៅទីលានប្រកួត ស្ថិតក្នុងទីក្រុង Qingdao ខណៈសមាគមបាល់បោះ គឺជាលីគកីឡាដំបូងគេ ដែលបានចាប់ផ្តើម នៅក្នុងប្រទេសចិន, ជាទីកន្លែងដែលវីរ៉ុស COVID-19 បានផ្ទុះឡើង កាលពីឆ្នាំមុន មុនពេលរីករាលដាល នៅទូទាំងពិភពលោក។
ការប្រកួតទាំងអស នឹងត្រូវធ្វើឡើង ដោយមិនមានអ្នកគាំទ្រចូលរួមនោះទេ ស្របតាមកីឡានៅជុំវិញពិភពលោក ដែលកំពុងបើកដំណើរការឡើងវិញ ទោះបីវីរុសនៅតែបន្តឆ្លង និងសម្លាប់មនុស្សរាប់ពាន់នាក់ក៏ដោយ។
ចិន ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនៃចំនួនឆ្លងវីរ៉ុស ប៉ុន្តែឥឡូវនេះ មានការព្រួយបារម្ភ ពីការកើតឡើងជាថ្មី នារដ្ឋធានីប៉េកាំង។
នាថ្ងៃសៅរ៍នេះ ចិន បានរាយការណ៍ករណីឆ្លងថ្មី នៅក្នុងស្រុក ចំនួន២៣ករណី ប៉ុន្តែក្នុងនោះ មានតែមួយករណីប៉ុណ្ណោះ នៅរដ្ឋធានីប៉េកាំង។ អាជ្ញាធរប៉េកាំង បានបិទព្រំប្រទល់ជាមួយខេត្តជិតខាង, បិទសាលារៀន និងបានចាប់ផ្តើមកម្មវិធីធ្វើតេស្តរកវីរ៉ុស COVID-19 ខ្នាតធំផងដែរ៕