(មីឡាន)៖ កីឡាករខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងខកខានការប្រកួត Serie A ជាលើកទី១ របស់ក្លិប AC Milan ដោយសារតែបញ្ហារបួសកំភួនជើង (Calf) ពុំទាន់ជាសះស្បើយទាន់ពេល ស្របពេលក្រុមស្ថិតនៅទីក្រុង Milan នៃប្រទេសអ៉ីតាលី ពេលជួបម្ចាស់ផ្ទះ Lecce រាត្រីនេះ។
តាមរយៈព័ត៌មានពី Channel News Asia បានចេញផ្សាយថា ក្រុមដែលបានកំពុងឈរនៅលេខ៩ នឹងធ្វើដំណើរទៅជួបក្រុមស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៉ីតាលី ដែលកំពុងស្ថិតក្នុងតំបន់កាត់ចោលផងនោះ Lecce នៅកីឡដ្ឋាន Stadio Via del Mare នារាត្រីថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា)។
តែយ៉ាងណាក្រុមរបស់លោក Pioli នឹងគ្មានវត្តមានខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត វ័យ ៣៨ឆ្នាំ Zlatan ដែលបានរងរបួសកំភួនជើង ក្រោយពីបានវិលត្រឡប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីខែឧសភានោះ។
លោក Pioli អ្នកចាត់ការទូទៅក្លិប AC Milan បានថ្លែងក្នុងសន្និសីទមុនប្រកួតថា «Ibrahimovic បានប្រសើរច្រើនហើយ។ គាត់នឹងត្រូវធ្វើការពិនិត្យរបួសម្តងទៀតនៅសប្តាហ៍ក្រោយ។ គាត់កំពុងធ្វើការយ៉ាងខ្លាំង ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងថា ពេលណាគាត់នឹងអាចវិលត្រឡប់វិញបានទេ»។
AC Milan ដែលទើបជ្រុះចេញពីពានរង្វាន់លំដាប់ទី២ Coppa Italia ក្រោមថ្វីជើងរបស់ Juventus ផងនោះ បានកំពុងឈរនៅចំណាត់ថ្នាក់លេខ៩ បណ្តោះអាសន្នដោយមាន ៣៦ពិន្ទុ ឆ្លងកាត់ ២៦ប្រកួតនាពេលកន្លងមក នៅក្រៅតំបន់កៅអី Europa League សម្រាប់រដូវកាលក្រោយ ក្នុងខណៈនៅសល់ ១២ប្រកួតទៀតនឹងបិទរដូវកាល Serie A ឆ្នាំ២០១៩-២០២០ នេះ៕