(តូរីន)៖ ក្រុមអ្នកគាំទ្ររាប់ម៉ឺននាក់បានចេញមកអបអរតាមដងផ្លូវជាមួយក្លិប Napoli របស់ពួកគេ ក្រោយឈ្នះជើងឯក Coppa Italia ឆ្នាំ២០២០ ដោយល្មើសទៅនឹងបម្រាមជួបជុំ និងរក្សាគម្លាតសង្គម ដែលអ៉ីតាលីមិនទាន់ប្រកាសដកចេញទៅឡើយទេ ដើម្បីបញ្ចៀសការឆ្លង ក៏ដូចជារីករាលដាលនៃជំងឺ Covid-19។

តាមរយៈព័ត៌មានពី Dailymail បានចេញផ្សាយថា ក្រុមពពកស Napoli បានឈ្នះពានលំដាប់ទី២ នៃប្រទេសនៅអឺរ៉ុបមួយនេះត្រឡប់មកវិញ ក្រោយរង់ចាំអស់រយៈពេល ៦ឆ្នាំពីការឈ្នះ ៤-២ ទៅលើគូប្រជែងសេះបង្កង់ Juventus ដោយបាល់ប៉េណាល់ទីកាត់សេចក្តីកាលពីថ្ងៃពុធសប្តាហ៍មុន និងបានរៀបចំដង្ហែពាននេះយ៉ាងគគ្រឹកគគ្រេងថែមទៀតកាលពីចុងសប្តាហ៍កន្លងទៅ។

ការចេញមកអបអរសាទរ មានទាំងការស្រែក រាំ ច្រៀងដែលត្រូវបានធ្វើឡើងនៅតាមមហាវិថីស្ថិតនៅទីក្រុង Rome នោះ មានភាគតិចបំផុតដែលមានពាក់ម៉ាស ដ្បិតអ៉ីតាលីជាប្រទេសមួយនៅអឺរ៉ុបដែលមានអ្នកស្លាប់ដោយសារ Covid-19 ជាង ៣ម៉ឺននាក់ផងដែរ។

តែយ៉ាងណា ក្រុមរបស់លោក Gennaro Gattuso នៅមានបេសកកម្មដណ្តើមកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយទៀត ដ្បិតទើបរកបាន ៣៦ពិន្ទុឈរនៅលេខរៀងទី៦ បណ្តោះអាសន្នគិតត្រឹម ២៦ប្រកួត និងពានធំ Champions League រដូវកាលនេះផងដែរ ដែលត្រូវប៉ះ FC Barcelona នាដើមខែសីហា ឆ្នាំ២០២០ ដណ្តើមកៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយទៀតផង៕