(បរទេស)៖ អវកាសយានិកម្នាក់របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានបង្ហោះរូបភាពដ៏អស្ចារ្យប៉ុន្មានសន្លឹក ដែលបង្ហាញអំពីទិដ្ឋភាព «បាតុភូតសូរ្យគ្រាស» កើតឡើងកាលពីម្សិលមិញ ដោយថតបានពីលើទីអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
លោក Chris Cassidy ដែលជាអវកាសយានិក NASA កំពុងស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ (ISS) បានបង្ហោះរូបភាពទាំងនោះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter។ នៅក្នុងរូបភាពទាំងនោះ យើងឃើញស្រមោលមួយដុំធំរបស់ព្រះច័ន្ទ ស្ថិតនៅលើផ្ទៃរបស់ភពផែនដី។ បើតាមលោក Cassidy ក្រុមអវកាសយានិកនៃស្ថានីយ ISS បានថតយកទិដ្ឋភាពនេះ ពេលដែលស្ថានីយគោចរឆ្លងកាត់ចំពីលើប្រទេសចិន។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ បាតុភូតសូរ្យគ្រាសហៅថា «Annular Solar Eclipse» បានកើតមានឡើង ដោយប្រទេសដែលអាចមើលឃើញបាតុភូតនេះ ក្នុងលក្ខណៈពេញលេញតែម្តងនោះ គឺផ្នែកមួយចំនួននៃទ្វីបអាហ្រ្វិកនិងអាស៉ី។ Annular Solar Eclipse ជាបាតុភូតសូរ្យគ្រាស ដែលព្រះច័ន្ទបាំងព្រះអាទិត្យមិនជិតទាំងស្រុងនោះឡើយ គឺនៅសល់គែមរបស់ព្រះអាទិត្យ មើលទៅដូចជាចិញ្ចៀនភ្លើងមួយនៅលើផ្ទៃមេឃយ៉ាងដូច្នោះ៕