(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្គោលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានពេញចិត្ត និងគាំទ្រចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដែលអនុញ្ញាតឲ្យផ្លាស់ប្ដូរកីឡាករបម្រុង ៥នាក់ ក្នុងការប្រកួត បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ (Covid-19) ដែលធ្វើឲ្យប៉ះពាល់ដល់ការហ្វឹកហាត់គ្រប់បណ្ដាក្លិបលើពិភពលោក។
បន្ទាប់ពីប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញ ក្រោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ប្រកាសបន្ដការប្រកួតលីគកំពូលកម្ពុជា នាដើមខែកក្កដា លោកនៅតែមានការបារម្ភពីបញ្ហាកម្លាំងរបស់កូនក្រុម ក្រោយសម្រាកអស់រយៈពេលជាង ២ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកល Covid-19។ ហេតុនេះ ទើបលោកពេញចិត្តការអនុញ្ញាតឲ្យមានផ្លាស់ប្ដូរកីឡាករ ៥នាក់ ពេលលីគត្រឡប់មកវិញ។
គ្រូបង្វឹកជនជាតិអៀរឡង់បញ្ជាក់ថា «កាលដែល FIFA អនុញ្ញាតឲ្យផ្លាស់ប្ដូរកីឡាករ ៥នាក់ ក្នុងការប្រកួត គឺជារឿងល្អ សម្រាប់ក្លិបទាំងអស់ មិនថាតែនៅកម្ពុជា និងអឺរ៉ុបនោះទេ»។ ការអះអាងបែបនេះ ព្រោះលោកយល់ថា កីឡាករម្នាក់ៗ អាចនឹងមានបញ្ហាប្រឈមផ្នែកកម្លាំង នៅពេលលីគដំណើរការការប្រកួតឡើងវិញ គ្រាដែលនៅអឺរ៉ុប ៤ ទៅ ៥សប្ដាហ៍ដំបូង កីឡាករមានកម្លាំងលេងពេញខ្ទង់ ៤៥នាទី មិនខុសគ្នាប៉ុន្មានឡើយ។
គួរដឹងថា ចំពោះការត្រឡប់មកវិញនៃលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមម្ចាស់ផ្ទះយុវជនសាលាបាល់ទាត់ជាតិបាទី នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។ ប៉ុន្ដែមុនផ្អាកការប្រកួតដោយសារវិបត្តិកូវីដ-១៩ លោក Conor Nestor បានដឹកនាំក្រុមឈរលេខ២ បណ្ដោះអាសន្ន ជាមួយលទ្ធផល ៥ប្រកួត ឈ្នះ៤ និងស្មើ១ រកបាន ១៣ពិន្ទុ ស្មើក្រុមកំពូលតារាងភ្នំពេញក្រោន៕