(ភ្នំពេញ)៖ ការឆ្លងរាតត្បាតជំងឹកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់គ្រប់ភាគីពាក់ពន្ធ័ ទន្ទឹមនោះក្រុមគ្រូពេទ្យគឺជាទាហានអាវស ដែលបានលះបង់ដ៏ធំធេង ដើម្បីព្យាបាលការពារ អាយុជីវិតរបស់ពលរដ្ឋគ្រប់រូប។ ថ្មីៗនេះ កុមារី ធឿន ដាលីស ដែលមានវ័យទើបតែ ១១ឆ្នាំបានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្មារតីគ្រូពេទ្យស្មគ្រ័ចិត្តតេជោ» ដែលមានខ្លឹមសាររៀបរាប់ នូវការលះបង់ដ៏ធំធេងរបស់គ្រូពេទ្យគ្រប់រូប ដើម្បីព្យាបាលអ្នកជំងឺកូវដី១៩នៅកម្ពុជា ។
កុមារី ធឿន ដាលីស មានវ័យទើបតែ ១១ឆ្នាំ បានបកស្រាយនូវបទចម្រៀង ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការលើកទឹកចិត្តចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានចំណាយពេលវេលា ឆ្ងាយក្រុមគ្រួសារ ដើម្បីបំពេញតួនាទី កាតព្វកិច្ច ក្នុងការថែទាំព្យាបាលអ្នកជំងឺ និងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបពីជំងឺឆ្លងកូវីដ១៩។
កុមារី ធឿន ដាលីស មិនបានច្រៀងឲ្យផលិតកម្មណាមួយនោះទេ ប៉ុន្តែដាលីស ត្រូវបានក្រុមភ្លេងមួយក្រុមផ្តល់ឱកាសថតបទចម្រៀងនេះ បង្ហោះក្នុងឆានែលយូធូប ព្រោះបានឃើញពីសមត្ថភាព ទឹកដមសំឡេងរបស់នាង។
កុមារីដាលីស មានក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀង ដោយសារតែមានទេព្យកោសល្យតាំងពីតូច ប៉ុន្តែនាងធ្លាប់បានបរាជ័យ ក្នុងការប្រកួតកម្មវិធីក្នុងស្រុកមួយ។ យ៉ាងណាក៏ដោយ កុមារី ធឿន ដាលីស នឹង មិនបោះបង់ក្តីស្រម៉ៃរបស់ខ្លួននោះទេ ដោយសារតែមានការលើកទឹកចិត្តពីគ្រួសារ និងមហាជនមួយចំនួនដែលធ្លាប់ បានស្តាប់ការបកស្រាយចម្រៀងជាច្រើនបទ នៅលើឆានែលយូធូបកន្លងមក។
ដាលីស សង្ឃឹមថា បទចម្រៀងមួយបទនេះនឹងធ្វើឲ្យនាង មានឱកាសបានចូល ក្នុងវិស័យសិល្បៈទោះនាងនៅវ័យក្មេងក៏ដោយ៕