(ស៊ីដនី)៖ ខ្សែប្រយុទ្ធជនជាតិអូស្ត្រាលី កីឡាករ Tomi Juric លេងឲ្យក្លិប CSKA Sofia របស់ប៊ុលហ្គារី ត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមាន នៃជំងឺ COVID-19, នេះបើតាមការបញ្ជាក់ពីក្លិប CSKA Sofia ដែលឈ្នះជើងឯកបាល់ទាត់របស់ប៊ុលហ្គារី ចំនួន៣១លើក បានឲ្យដឹង តាមរយៈសេចក្តីថ្លែងការណ៍ ហើយត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែមិថុនានេះ។

កីឡាករវ័យ២៨ឆ្នាំ ដែលលេងឲ្យប្រទេសដើមកំណើរបស់ខ្លួន ចំនួន៤១លើករូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ កីឡាករផ្សេងទៀត និងបុគ្គលិករបស់ក្លិប មានលទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តរកជំងឺ COVID-19។

កីឡាករ Juric ដែលចូលរួមលេងក្នុងក្លិប CSKA របស់ប៊ុលហ្គារី កាលពីខែសីហា បន្ទាប់ពីកិច្ចព្រមព្រៀងរបស់លោក ជាមួយនឹងក្លិប Luzern ប្រទេសស្វីស បានបញ្ចប់នោះ គឺជាកីឡាករមួយរូប នៅក្នុងក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថា កីឡាករបាល់ទាត់ចំនួន២រូបទៀត មកពីក្លិបកំពូលរបស់ប៊ុលហ្គារី ត្រូវបានដាក់នៅដាច់ដោយឡែកពីគេ កាលពីខែមុន ជាមួយនឹងការសង្ស័យថា បានឆ្លងជំងឺ COVID-19។ គ្រូបង្វឹកជម្រើសជាតិ វ័យក្រោម២១ឆ្នាំ របស់ប៊ុលហ្គារី លោក Aleksandar Dimitrov ត្រូវបានគេធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន នៃជំងឺ COVID-19 កាលពីសប្តាហ៍មុន៕