(បៀលគ្រែត)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា មានកីឡាករ ៥នាក់តេស្តវិជ្ជមានលើវីរុស COVID-19 ដែលស្ថិតជាសមាជិកនៃក្រុមបាល់ទាត់ Red Star Belgrade ក្រោយពេលលើកពានជើងឯកលីគកំពូល Serbian SuperLiga រដូវកាល២០១៩-២០២០នេះ ដោយមានអ្នកទស្សនាក្នុងកីឡដ្ឋានផងដែរ។

បញ្ហានេះបានកើតឡើង ក្រោយរដ្ឋាភិបាលបានបន្ធូរបន្ថយការរឹតបន្តឹងសាធារណៈ ដែលបានអនុញ្ញាតឲ្យមានការជួបជុំឡេីងវិញ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្លិបនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋាភិបាលស៊ែប៊ី បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹងជាសាធារណៈលើការទប់ស្កាត់វីរុស COVID-19 ហើយបើកអនុញ្ញាតឲ្យអ្នកគាំទ្រចូលមើលការប្រកួតលីគវិញផងដែរ ហើយការជួបជុំដ៏ច្រើនជាងគេនៅអឺរ៉ុបក្នុងកីឡដ្ឋានមានប្រមាណ ១,៦០០០នាដេីម្បីទស្សនាការប្រកួតរវាងក្រុម Red Star ប៉ះក្រុម Partizan Belgrade ក្នុងជំនួប Derby។

ក្លិបខាងលើបានបន្តថា កីឡាករ ៤នាក់ក្នុងចំណោម ៥នាក់មិនបានចូលរួមប្រកួតនោះទេ ដោយហេតុពួកគេបានមានអារម្មណ៍ថាមិនស្រួលខ្លួនមុនការប្រកួតដែលអាចពាក់ពន្ធនឹងរោគសញ្ញា COVID-19។

ក្រោយមកកីឡាករទាំង ៥នាក់ខាងលើក៏បានដាក់ខ្លួនស្នាក់នៅដាច់ដោយឡែកពីគេ និងមានការទាក់ទងយ៉ាងល្អជាមួយក្រុមគ្រូពេទ្យក្លិប។ នេះជាលើកទី៣ ដែលក្រុម Red Star លើកពានលីគកំពូលជាប់ៗគ្នាក្នុងចំណោម ៦លើកមកនេះ ហើយក្នុងថ្ងៃលើកពានក៏មានអ្នកគាំទ្រជាង ១ម៉ឺននាក់ចូលរួមទស្សនាការប្រកួតចុងក្រោយជាមួយក្រុម Proleter កាលពីថ្ងៃសៅរ៍សប្តាហ៍មុនដែរ៕