(រ៉េបាត)៖ លីគបាល់ទាត់ជាតិរបស់ប្រទេសម៉ារ៉ុក នឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ, បន្ទាប់ពីបានផ្អាក កាលពីថ្ងៃទី១៤ ខែមីនា ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៤ ខែមិថុនានេះ។
តាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយ សមាគមបាល់ទាត់ម៉ារ៉ុក បានឲ្យដឹងថា លីគបាល់ទាត់ នឹងចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី១៣ ខែកញ្ញា ដោយការបិទទ្វារ (មិនអនុញ្ញាតឲ្យអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់)។
ការហ្វឹកហាត់ សម្រាប់ក្រុមទាំងអស់ នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ជាមួយនឹងវិធានការសុវត្ថិភាព ត្រូវដាក់ឲ្យអនុវត្ត។
សមាគមបាល់ទាត់ម៉ារ៉ុក នឹងបន្តតាមដានស្ថានការណ៍ ហើយកីឡាករទាំងអស់ នឹងត្រូវបានធ្វើតេស្តរកមេរោគ COVID-19។
ប្រទេសម៉ារ៉ុក បានបន្ធូរបន្ថយការដាក់កំហិត លើការធ្វើដំណើរ នៅក្នុងប្រទេស ដោយអនុញ្ញាតឲ្យមានជើងហោះហើរក្នុងស្រុក និងអនុញ្ញាតឲ្យហាងកាហ្វេ និងភោជនីយដ្ឋាន បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា។
គួរបញ្ជាក់ថា ប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកខាងជើងមួយនេះ បានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន១៧២ករណីថែមទៀត នៅថ្ងៃអង្គារ, នាំឲ្យចំនួនករណីឆ្លងសរុប កើនឡើងដល់១០,៣៤៤ករណី ក្នុងនោះ២១៤ករណីបានស្លាប់៕