(អាមេរិក)៖ ព្រឹត្តិការណ៍កីឡារត់ម៉ារ៉ាតុង New York City Marathon នៅសហរដ្ឋអាមេរិក ដែលដើមឡើយ គ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី១ ខែវិច្ចិកាខាងមុខនេះ ត្រូវបានលុបចោលវិញ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19, នេះបើតាមអ្នករៀបចំកម្មវិធី បានប្រាប់ឲ្យដឹង ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៤ ខែមិថុនានេះ។
អ្នករៀបចំកម្មវិធី លោក Michael Capiraso បានបញ្ជាក់ថា ការសម្រេចចិត្តលុបចោល នូវព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ដ៏ធំជាងគេបំផុត នៅលើពិពភលោកនេះ ត្រូវបានធ្វើឡើង ដោយសារតែការរីករាលដាល នៃវីរ៉ុសឆ្លង COVID-19 ព្រោះមានព្រួយបារម្ភលើបញ្ហាសុខភាព និងសុវត្ថិភាព សម្រាប់អ្នកចូលរួមរត់ប្រណាំង, អ្នកទស្សនា, អ្នកស្ម័គ្រចិត្ត និងបុគ្គលិក។
ព្រឹត្តិការណ៍រត់ប្រណាំង រយៈចម្ងាយ៤២គីឡូម៉ែត្រ ដែលរត់ឆ្លងកាត់សង្កាត់ទាំង៥ របស់ក្រុងញ៉ូវយ៉ក និងមានអ្នកបានរត់ដល់ទីបញ្ចប់ ចំនួន៥៣,៦៤០នាក់ កាលពីឆ្នាំ២០១៩នោះ គឺជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងទី២ហើយ ក្នុងចំណោមព្រឹត្តិការណ៍រត់ម៉ារ៉ាតុងធំជាងគេ ចំនួន៦ នៅលើពិភពលោក ដែលត្រូវបានលុបចោលវិញ នៅក្នុងឆ្នាំនេះ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19៕