(ប្រេស៉ីល)៖ ភាគហ៊ុននៅក្រុមហ៊ុនទូទាត់ប្រាក់ធំមួយក្នុងប្រទេសប្រេស៉ីលឈ្មោះ Cielo SA បានធ្លាក់ដាំក្បាលចុះជិត១០ភាគរយ កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីធនាគារកណ្តាលប្រេស៉ីល បានសម្រេចបញ្ឈប់ប្រតិបត្តិការ នៃប្រព័ន្ធទូទាត់ប្រាក់ថ្មីមួយដែលកម្មវិធី WhatsApp របស់ Facebook ទើបដាក់ចេញ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើឬទូទាត់ប្រាក់តាម Chat បាន។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

កន្លងមក ក្រុមហ៊ុន Cielo បានចុះកិច្ចព្រមព្រៀងជាមួយនិង WhatsApp ដែលមានអ្នកប្រើប្រាស់ដល់ទៅ១២០លាននាក់ នៅប្រេស៉ីល ដើម្បីចាត់ចែងទៅលើការទូទាត់ប្រាក់ ទាំងឡាយតាមរយៈមុខងារថ្មីនោះរបស់ WhatsApp ក្រោមក្តីរំពឹងថា វានឹងជួយបង្កើនលទ្ធផលរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារសប្តាហ៍នេះ របស់ធនាគារកណ្តាលប្រេស៉ីល ការដាក់ដំណើរការប្រព័ន្ធទូទាត់ប្រាក់ថ្មីរបស់ WhatsApp នៅក្នុងប្រទេសប្រេស៉ីល ដោយពុំមានការអនុញ្ញាត និងការសិក្សាវិភាគត្រឹមត្រូវដោយអាជ្ញាធររូបិយវត្ថុ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធទូទាត់ប្រាក់ប្រេស៉ីលផ្ទាល់ ក្នុងផ្នែកប្រកួតប្រជែង ប្រសិទ្ធភាព និងឯកជនភាពទិន្នន័យ។

គួរជម្រាបថា ហេតុដូច្នេះហើយកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Cielo និង WhatsApp គឺត្រូវបានផ្អាក។ ប្រព័ន្ធទូទាត់ប្រាក់របស់ WhatsApp ត្រូវបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេសប្រេស៉ីល កាលពីសប្តាហ៍មុន។ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ទេរនិងទូទាត់ប្រាក់ទៅកាន់ បុគ្គលណាម្នាក់ ឬអាជីវកម្មក្នុងស្រុកណាមួយ តាមរយៈ Chat គឺដោយភ្ជាប់ចំនួនទឹកប្រាក់ ដូចទៅ នឹងការផ្ញើរូបភាព ឬវីដេអូយ៉ាងដូច្នោះ៕