(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជនពិការប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN Para Games លើកទី១០ ដែលគ្រោងធ្វើនៅប្រទេសហ្វីលីពីន ត្រូវបានក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ ឯកភាពគ្នាលុបចោលហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ (Covidi-19)។

ការសម្រេចលុបចោលព្រឹត្តិការណ៍ ២ឆ្នាំម្ដងនេះ បន្ទាប់ពីមានកិច្ចប្រជុំបន្ទាន់មួយកាលពីចុងសប្ដាហ៍មុន ដោយមានការចូលរួមទាំងអស់ ពីសមាជិកគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ីអាគេ្នយ៍ ដើម្បីពិភាក្សាគ្នា ក្រោយម្ចាស់ផ្ទះហ្វីលីពីន បានស្នើលុបចោលព្រឹត្តិការណ៍នេះ។ ជាលទ្ធផលសមាជិកទាំងអស់ បានឯកភាពគ្នាតាមសំណើម្ចាស់ផ្ទះ ដ្បិតប្រទេសនីមួយៗសុទ្ធតែមានការព្រួយបារម្ភពីបញ្ហាកូវីដ-១៩ ដូចគ្នា។ នេះបើតាមការឲ្យដឹងពីលោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

លោក យី វាសនា បានបញ្ជាក់ថា «សមាជិកទាំងអស់មកពី ១០ប្រទេសនៃសមាគមអាស៊ីអាគ្នេយ៍ បានពិភាក្សាគ្នា ដោយយោងតាមលិខិតរបស់គណៈកម្មការរៀបចំ ASEAN Para Games លើកទី១០ នៅហ្វីលីពីន បានបញ្ជាក់ច្បាស់ថា ហ្វីលីពីន នឹងមិនបន្ដធ្វើម្ចាស់ផ្ទះទេ ហើយសុំបញ្ចប់ការធ្វើជាម្ចាស់ផ្ទះ ក្រោមហេតុផលសំខាន់ជាងគេ គឺដោយសារជំងឺកូវីដ-១៩ នៅតែមានហានិភ័យខ្លាំង ដូច្នេះហ្វីលីពីន សម្រេចបញ្ឈប់ រួមផ្សំនឹងការសន្សំថវិកា ដើម្បីដោះស្រាយក្នុងប្រទេសហ្វីលីពីន ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ផង»

តំណាងកីឡាជនពិការកម្ពុជាដដែលបានបន្ដថា «ក្នុងកិច្ចពិភាក្សា សមាជិកមកពីសមាគមអាស៊ាន មានការព្រួយបារម្ភប្រហាក់ប្រហែលគ្នា ហើយចុងក្រោយ លទ្ធផល គឺយើងឯកភាពទាំងអស់គ្នា ថានៅក្នុងឆ្នាំ២០២០ ដែលត្រូវរៀបចំ ASEAN Para Games គឺត្រូវផ្អាកទាំងស្រុង។ ដូច្នេះ ASEAN Para Games លើកទី១០ ត្រូវបានផ្អាក ហើយយើងមិនសម្រេចចិត្តថា យកព្រឹត្តិការណ៍លើកទី១០ ទៅធ្វើលើកក្រោយណាមួយទៀតទេ ដោយនឹងមានការពិភាក្សាបន្ដរៀបចំ ASEAN Para Games លើកទី១១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ តែម្ដង»

គួរបញ្ជាក់ថា មុនឈានដល់ការសម្រេចលុបចោលព្រឹត្តិការណ៍ ASEAN Para Games លើកទី១០ ម្ចាស់ផ្ទះហ្វីលីពីន បានប្រកាសពន្យារពេលចំនួន ២លើករួចមកហើយ។ ដំបូងឡើយ ព្រឹត្តិការណ៍នេះ គ្រោងប្រកួតអំឡុងខែមករា ឆ្នាំ២០២០ ពោលគឺក្រោយ ១ខែ បន្ទាប់ពីចប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ កាលពីចុងឆ្នាំ២០១៩ តែត្រូវពន្យារពេលលើកទី១ ទៅប្រកួតអំឡុងខែមីនា ឆ្នាំ២០២០ ហើយបន្ដពន្យារពេលលើកទី២ មកប្រកួតនៅខែតុលា ឆ្នាំ២០២០។ តែដោយងឺកូវីដ-១៩ ហាក់ពុំទាន់ធូរស្រាលក្នុងតំបន់ និងពិភពលោក ទើបហ្វីលីពីនសម្រេចលុបចោលមុនគម្រោងតែម្ដង៕