(អាមេរិក)៖ ក្រុមហ៊ុន Google នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងលុបចោលដោយស្វ័យប្រវត្តិនូវទិន្នន័យមួយចំនួន ដែលខ្លួន ប្រមូលពីអ្នកប្រើប្រាស់ ក្រោយរយៈពេល១៨ខែ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០។

ការកែសម្រួលគោលការណ៍ឯកជនភាពសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន ធ្វើឡើងស្របពេលដែលវែបសាយស្វែងរកព័ត៌មានដ៏ធំបំផុតលើ លោកមួយនេះ ប្រឈមការរិះគន់យ៉ាងខ្លាំង ជុំវិញរបៀបនៃការប្រមូលទិន្នន័យពីអ្នកប្រើប្រាស់។ ច្បាប់ឯកជនភាពអ្នកប្រើប្រាស់នៅក្នុង រដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក និងនៅអឺរ៉ុប បានបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា-អ៉ីធើណិតនានា ផ្លាស់ប្តូររបៀបរបបប្រមូលទិន្នន័យអ្នកប្រើប្រាស់ ក្នុងអំឡុង ពេលប្រមាណជា២ឆ្នាំកន្លងទៅនេះ។

នៅក្រោមគោលការណ៍ថ្មីខាងលើ ប្រវត្តិនៃការមើលវីដេអូរបស់អ្នកប្រើប្រាស់ YouTube ដែលស្ថិតក្រោម Google នឹងត្រូវលុបចោលទៅ វិញ ក្រោយរយៈពេល៣៦ខែ ខណៈប្រវត្តិទីតាំង និងប្រវត្តិនៃការស្វែងរកព័ត៌មានរបស់អ្នកប្រើប្រាស់នៅលើវែបសាយ Google នឹងត្រូវលុបនៅ ក្រោយរយៈពេល១៨ខែ។

គួរជម្រាបថា ចំណូលភាគច្រើនរបស់ Google គឺបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលជាទូទៅត្រូវពឹងផ្អែកទៅលើទិន្នន័យអ្នកប្រើប្រាស់ ដូចជាថាតើពួកគេបាននិងកំពុងស្វែងរកឬមើលអ្វី និងស្ថិតនៅទីកន្លែងណាជាដើម។ កាលពីឆ្នាំមុន នាយកប្រតិបត្តិក្រុមហ៊ុន Alphabet ដែល ជាក្រុមហ៊ុនមេធំរបស់ Google បានទទួលស្គាល់ថា ក្រុមហ៊ុនហាក់ពិតជាបានប្រមូលទិន្នន័យពីអ្នកប្រើប្រាស់ លើសពីភាពចាំបាច់សម្រាប់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែបានប្តេជ្ញាថានឹងបន្ថយការប្រមូលទិន្នន័យនេះ៕